CNRP ប្រកាស​បណ្តេញ​សកម្មជន​ដ៏​សកម្ម​នៅ​អាមេរិក ចេញពី​បក្ស ក្រោយ​និយាយ​ចោទប្រកាន់​លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​មេដឹកនាំ​វៀតណាម

16-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បានសម្រេច​ចេញ​លិខិត​បណ្តេញ​សកម្មជន​ដ៏​សកម្ម​របស់ខ្លួន​មួយរូប នៅ​សហរដ្ឋអាមេរិក ឈ្មោះ យ៉ង់ ណុ​យ ហៅ Brady Young (​ឈ្មោះ​ក្នុង Facebook) ចេញពី​បក្ស បន្ទាប់ពី​សកម្មជន​រូ​ប​នោះ បាន​ចោទប្រកាន់​លោក ហ៊ុន ម៉ា​ណែ​ត បុត្រា​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ថា ជា​កូន​របស់​មេដឹកនាំ​វៀតណាម ឡេ ឌឹ​ក ថ​។​
​ការលើកឡើង​របស់​ស​កម្ម​ជន​រូបនេះ ត្រូវបាន​គេ​ចាត់ទុកជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​មេដឹកនាំ​កម្ពុជា និង​បានធ្វើ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រតិកម្ម​ខ្លាំងៗ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ​។​
​យោងតាម​សេចក្តីសម្រេច ដែល​មន្ត្រីជាន់ខ្ពស់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ទម្លាយ​ឲ្យ Fresh News នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​លោក យ៉ង់ ណុ​យ ហៅ Brady Young ពី​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡង់ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ង​ខាងត្បូង​។ គណបក្ស​បាន​បញ្ជាក់ថា និរាករណ៍​រាល់​សេចក្តីសម្រេច​ទាំងឡាយ ដែល​ផ្ទុយ​ពី​សេចក្តីសម្រេច​នេះ​។​
​លោក យ៉ង់ ណុ​យ ហៅ Brady Young ដែលជា​សមាជិក ដ៏​សកម្ម​មួយរូប​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡង់ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ង​ខាងត្បូង បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់ខ្លួន ដោយបាន​ធ្វើការ​ចោទប្រកាន់​កូនប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ថា ជា​កូន​របស់​មេដឹកនាំ​វៀតណាម ឡេ ដឹក ថ និង​បានទាមទារ​ឲ្យ​មានការ​ពិនិត្យ DNA រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ា​ណែ​ត ថែម​ទៀតផង​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ប្រតិកម្ម​យ៉ាងខ្លាំងៗ ចំពោះ​ការលើកឡើង​នេះ ដោយ​សម្តេច​បានចាត់ទុក​ការលើកឡើង​នេះ គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​ភរិយា និង​កូន​របស់​សម្តេច​។ សម្តេច​តេ​ជោ ហ៊ុន សែន បានទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ធ្វើការ​បំភ្លឺ និង​បកស្រាយ ដ៏​សម​ហេតុផល​ណាមួយ ដើម្បី​ជួសជុល​កំហុសឆ្គង​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រ​ឡូយ​ទៀតថា បើ​គ្មាន​ការបកស្រាយ និង​បំភ្លឺ​សមរម្យ​ណាមួយ​នោះទេ «​កុំ​សង្ឃឹម​ខ្ចីដៃ​ខ្ញុំ ចុះហត្ថលេខា ដើម្បី​សុំ​ការលើកឡើង​ទោស​ណាមួយ​»​។ ការលើកឡើង​របស់​ស​ម្តេច គេ​អាច​ដឹងថា សំដៅ​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដើម្បី​គេច​ពី​សំណាញ់​ច្បាប់​របស់​កម្ពុជា​។​
​ក្រោយ​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការចុះហត្ថលេខា ដោយផ្ទាល់​ពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ បានចេញ​លិខិត​កាត់កាល​លោក យ៉ង់ ណុ​យ ចេញពី​បក្ស​តែម្តង​។​
​អ្នកវិភាគ​មើលឃើញថា ការចេញលិខិត​កាត់កាល​សមាជិក​របស់​ខ្លួន​នៅ​អាមេរិក​នេះ គឺ​លោក សម រង្ស៊ី និង​ក្រុម​របស់ខ្លួន បាននិងកំពុង​សម្តែង​ល្ខោន ទី​១៖ ញុះញង់​ឲ្យ​សកម្មជន​ខ្លួន​បង្ក​កំហឹង ជេរ និង​រិះគន់ ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា និង ទី​២៖ ក្រុម​លោក​ក៏​តាំង​ដើរចូល​សម្របសម្រួល និង​ធ្វើការ​លាងខ្លួន ដើម្បី​សូម​ការ​អាណិត​ពី​នាយករដ្ឋមន្ត្រី ក្នុង​គោលបំណង​បាន​រួច​ពី​ទោសទណ្ឌ និង​ទទួលបាន​ការសម្របសម្រួល​អ្វីមួយ​។​
​ក្រុមអ្នកវិភាគ​នៅ​មើលឃើញ​ទៀតថា លោក សម រង្ស៊ី ដើម្បី​សម្រេចបាន​បំណង​ផ្ទាល់ខ្លួន លោក​មិន​ខ្លាច​នឹង​ចំណាយ​នោះឡើយ សូម្បី​បេះដូង​អ្នកគាំទ្រ ដ៏​ស្ម័គ្រស្មោះ​របស់លោក ក៏​លោក​កាត់កាល​ចោល​ដែរ​៕

ចំនួនអ្នកទស្សនា

    19580327

  • ថ្ងៃនេះ651
  • ម្សិលមិញ5241
  • សប្តាហ៍នេះ23501
  • ខែនេះ16621
  • ឆ្នាំនេះ352881
  • សរុប19580327