ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយរូបសុំមិនបញ្ចេញឈ្មោះ ដែលដឹងរឿងយ៉ាងច្បាស់ពីញត្តិរបស់គណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ថ្វាយព្រះមហាក្សត្រ បានលើកឡើងថា «ថ្ងៃនេះគណបក្សសង្គ្រោះជាតិ បានឱបគ្រាប់បែកមួយគ្រាប់ទៀត ជាប់នឹងដើមទ្រូង» វានឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិរឹតតែធ្ងន់ទៅៗជាមួយបញ្ហាផ្លូវច្បាប់។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនោះបានទម្លាយអាថ៌កំបាំង ប្រាប់ ថា តាមរបាយការណ៍ពីមូលដ្ឋាន និងការពិនិត្យជាបឋមរបស់ព្រះបរមរាជវាំង បង្ហាញឱយឃើញនូវភាពមិនប្រក្រតី លើស្នាមមេដៃដែលថ្វាយព្រះមហាក្សត្រ។ ព្រោះថាមន្ត្រីគណបក្សសង្គ្រោះជាតិ បានដើរបោកប្រាស់ប្រជាពលរដ្ឋថា ផ្តិតមេដៃដើម្បីយកទៅសុំនេះសុំនោះ តែតាមការពិតយកមកថ្វាយព្រះមហាក្សត្រ និងជាពិសេសនោះគឺមនុស្សម្នាក់ បានផ្តិតមេដៃជាច្រើន និងដាក់ឈ្មោះប្រជាជនដែលគាត់មិនបានដឹងអី ដែលរឿងទាំងពីរនេះគឺជាការបោកប្រាស់ប្រជាពលរដ្ឋ និងប្រមាថព្រះចេស្តា ព្រះមហាក្សត្ររបស់កម្ពុជា និងមួយទៀតនោះគឺអាចជាប់ចោទពីបទ បង្កើតឯកសារក្លែង និងប្រើប្រាស់ក្លែងស្នាមមេដៃ។
មន្ត្រីដដែលរូបនោះបានអះអាងថា ភាពមិនប្រក្រតីក្នុងញត្តិដែលថ្វាយព្រះមហាក្សត្រនៅថ្ងៃនេះ មានរហូតដល់ជាង៤០ភាគរយឯណោះ។
ចំពោះបញ្ហាក្លែងស្នាមមេដៃនេះត្រូវបានមន្ត្រីជាន់ខ្ពស់ទម្លាយថា តាមគាត់ដឹង នៅពេលខាងមុខនេះក្រសួងមហាផ្ទៃ នឹងឈានដល់បង្កើត គណៈកម្មាការមួយ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យស្នាមមេដៃប្រជាពលរដ្ឋដែលផ្តិតថ្វាយព្រះមហាក្សត្រ ថាតើជាស្នាមមេដៃពិតប្រាកដ ឬយ៉ាងណា? ហើយកន្លងមកបញ្ហាស្នាមមេដៃនេះ ក៏ធ្លាប់បានបោកប្រាស់ប្រជាពលរដ្ឋ ផ្តិតយកទៅអង្គការសហប្រជាជាតិផងដែរ។
ពិតណាស់ ប្រសិនគណៈកម្មាការរបស់ក្រសួងមហាផ្ទៃ ធ្វើកោសល្យវិច័យស្នាមដៃរកឃើញថា ក្លែងក្លាយនោះ គណបក្សសង្គ្រោះជាតិរឹតតែ ធ្ងន់កហើយ ព្រោះបានបោកប្រាស់ប្រជាពលរដ្ឋដែលមិនដឹងអី និងធ្ងន់ធ្ងរបំផុតនោះគឺ ប្រមាថព្រះចេស្តា ព្រះមហាក្សត្រដ៏ឧត្តុង្គឧត្តមរបស់យើង ហើយចំពោះផ្លូវច្បាប់វិញ អាចនឹងជាប់ចោទពីបទក្លែងឯកសារយ៉ាងច្បាស់ក្រឡោត។ ដូច្នេះនៅថ្ងៃនេះគណបក្សសង្គ្រោះជាតិ បានឱបគ្រាប់បែកមួយគ្រាប់ទៀត ជាប់នឹងដើមទ្រូង ត្រៀមតែថ្ងៃផ្ទុះនោះទេ៕