ភ្នំពេញ ៖ សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា លោក សម រង្ស៊ី និងលោក កឹម សុខាដែលជាប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិនោះគឺជាមនុស្សអន់ ដោយសារតែអ្នកទាំងពីរនាក់នេះ ពេលមានបញ្ហាម្តងៗ មិនដែលហ៊ានប្រឈម។
ការលើកឡើងរបស់ព្រះប្រធានគណបក្សរាជានិយមនេះ បន្ទាប់ពីសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងសំណុំរឿងក្តីក្តាំជាច្រើន ហើយចំណែកលោក កឹម សុខា ដែលជាអនុប្រធានកំពុងតែស្ថិតនៅតែក្នុងផ្ទះមិនហ៊ានចេញក្រៅពាក់ព័ន្ធនឹងបណ្ដឹងសញ្ចារកម្មជាដើមនោះ។
មានបន្ទូលនៅក្នុងកម្មវិធីចុះសំណេះសំណាលជាមួយអ្នកគាំទ្រព្រះអង្គប្រមាណជិតមួយពាន់នាក់នៅទីស្នាក់ការកណ្ដាលខេត្តព្រៃវែង កាលពីចុងសប្ដាហ៍កន្លងទៅនេះសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានលើកឡើងថាលោកសម រង្ស៊ី កុំបានតែរិះ គន់រាជរដ្ឋាភិបាលនៅតែក្រៅប្រទេស។
សម្តេចក្រុមព្រះបានមានបន្ទូលទៀតថា “សូមឯកឧត្ដមសម រង្ស៊ីកុំប្រឆាំងពីក្រៅអីសូមអញ្ជើញចូលមកក្នុងរាជរដ្ឋាភិបាលមកដើម្បីធ្វើការប្រឆាំងនោះ “។ ព្រះអង្គបានមានបន្ទូលថា ព្រះអង្គស្គាល់ច្បាស់ណាស់ចរិកលោក សម រង្ស៊ី និងលោក កឹម សុខា ពីព្រោះអ្នកទាំងពីរនាក់នេះអតីតជាកូនចៅព្រះអង្គផ្ទាល់ដូច្នេះហើយព្រះអង្គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំសូវជឿលើប្រធាននិងអនុប្រធានគណបក្សប្រឆាំងមួយនេះ។
ជាមួយគ្នានោះដែរសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិអំពាវនាវជាថ្មីទៀតដល់យុវជនយុវនារីដែលជាទំពាំងស្នងឫស្សីរបស់ជាតិនោះត្រូវតែខិតខំថែរក្សារបបរាជានិយមសីហនុនិយម ពីព្រោះថារបបនេះរួមនឹងគណបក្សប្រជាជនកម្ពុជា គឺជាអ្នកនាំឲ្យប្រទេសមានសុខសន្តិភាពរហូតដល់បច្ចុប្បន្នភាពនេះ។
នៅក្នុងកម្មវិធីសំណេះសំណាលនោះដែរសម្ដេចក្រុមព្រះមានបន្ទូលថា ប្រសិនបើបេក្ខជនគណបក្ស ហ្វ៊ុន ស៊ិនប៉ិចដែលឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ ក្នុងឆ្នាំ២០១៧ខាងមុខបានជាប់ជាមេឃុំឬចៅសង្កាត់ ព្រះអង្គនឹងទិញម៉ូតូថ្មីមួយគ្រឿងជូន និងជំទប់ទី១និងទី២និងទិញមេគោជូនភ្លាមៗផងដែរដើម្បីទុកជាការលើកទឹកចិត្ត។
ជាងនេះសម្ដេចក្រុមព្រះបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងពីរភេទទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដើម្បីយកទៅចុះឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតឆ្នាំ ២០១៧–២០១៨ខាងមុខក្នុងនោះផងដែរព្រះអង្គក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រនិងរួមគ្នាថែរក្សារបបរាជនិយម៕