ភ្នំពេញ៖លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានធ្វើការរិះគន់ និងវាយប្រហារលើលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលផ្តួចផ្តើមធ្វើពិធីសាសនា និងបានឲ្យលោកកឹម សុខា ដឹកនាំធ្វើពិធីនយោបាយរិះគន់ខ្លួនឯង ប្រដៅខ្លួនឯង ដើម្បីដាស់រំលឹកអ្នកនយោបាយ កុំឲ្យឆ្កួតល្មោភស្រីដូចខ្លួន (លោកកឹម សុខា)។
សមាជិក គណបក្សគណបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នានៅមុខប្រាសាទអង្គរនិង នៅខាងមុខព្រះអង្គចេកព្រះអង្គចម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ដើម្បីធ្វើពិធីបួងសួងដល់ព្រលឹងបារមីបុព្វបុរសខ្មែរនៅ ប្រាសាទអង្គរវត្ដឱ្យជួយបន្ទន់ចិត្ដដល់អ្នកនយោបាយឱ្យចេះរួម សាមគ្គីគ្នាដើម្បីឱ្យខ្មែរគ្រប់រូបមានសុខសន្ដិភាពដូចសម័យមហានគរ។
ទាក់ទងការធ្វើពិធីនេះ លោកសួន សេរីរដ្ឋា បានថ្លែងររិះគន់ថា "បើលោកកឹម សុខាផ្តួចផ្តើមគំនិតធ្វើពិធីសាសនានៅមុខប្រាសាទអង្គរដើម្បីដាស់ រំលឹកអ្នកនយោបាយ អំពីប្រវត្តិសាស្ត្រខ្មែរបែកបាក់សម័យចេនឡាទឹក និងចេនឡាគោកនោះ សូមលោកកឹម សុខា ដឹកនាំពិធីនយោបាយរិះគន់ខ្លួនឯង ប្រដៅខ្លួនឯង ដើម្បីដាស់រំលឹកអ្នកនយោបាយ កុំឲ្យឆ្កួតល្មោភស្រីដូចខ្លួន ពីព្រោះខ្មែរអស់ដី ប្រទេសខ្មែររួមតូច ព្រោះតែមេដឹកនាំល្មោភស្រី នេះឯង !" ។
លោក សួន សេរីរដ្ឋា បានចំអកថា "វាជារឿងអស់សំណើច និងជានយោបាយចាល់ច្រក របស់ក្រុមអ្នកនយោបាយបល់បាយ ដែលដឹកនាំដោយ មេដឹកនាំអវិជ្ជា គ្មានគោលការណ៍ គ្មានដំណោះស្រាយ និងកំសាកមិនហ៊ានប្រឈមមុខជាមួយការពិត រួចយកពិធីសាសនាមកធ្វើឡប់ឡែជាមួយនឹងនយោបាយខ្វាក់ខួរក្បាល របស់ខ្លួន ។ ម្តងធ្វើបុណ្យសូត្រមន្តសូមរំដោះនិងការពារអភ័យឯកសិទ្ធិសភា ម្តងទៅធ្វើពិធីសាសនានៅអង្គរដើម្បីដាស់រំលឹកអ្នកនយោបាយពី ប្រវត្តិសាស្ត្រសម័យខ្មែរបែកបាក់ ចេនឡាទឹក និងចេនឡាគោក ដែលទាំងអស់នេះវាជាគំនិតនយោបាយទាល់ច្រក របស់មេដឹកនាំខ្វាក់ខួរក្បាលហើយដែលតែងតែព្យាយាមចម្លងជំងឺខ្វាក់ ខួរក្បាលនេះ ឲ្យឆ្លងចូលទៅខួរក្បាលរបស់អ្នកគាំទ្រខ្លួន "។
លោកបន្តថា "លើពិភពលោកនេះ បើគ្រាន់តែយកពិធីសាសនាមកធ្វើឡប់ឡែ អាចបញ្ចប់របបដឹកនាំផ្តាច់ការបាននោះមិនចាំបាច់មានមេដឹកនាំអ្នក សេរីប្រជាធិបតេយ្យជាច្រើននាក់គេលះបង់និងពលិកម្មតស៊ូតទល់ជាមួយជន ផ្តាច់ការរហូតលះបង់ជីវិតជាមួយនឹងអ្នកគាំទ្ររបស់គេ ដើម្បីបុព្វហេតុសេរីភាព និងលទ្ធិប្រជាធិបតេយ្យនេះទេ"៕