ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​៖ កុំ​កាឡៃ​រឿង​បុគ្គល ដែល​ធ្វើ​ខុសច្បាប់​ទៅជា​រឿង​នយោបាយ

28-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត​ក្នុងនាម​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​មេបក្ស​ប្រឆាំង ដែល​កំពុង​ប្រឈមមុខ​និង​ច្បាប់ កុំ​ឲ្យ​យក​រឿង​ធ្វើ​ខុស​ទៅនឹង​ច្បាប់​នេះ កាឡៃ​ទៅជា​រឿង​នយោបាយ ហើយ​ដាក់​សម្ពាធ​ទៅលើ​តុលាការ​នោះឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ទង្វើ​នេះ​ថា ជា​អំពើ​ប្រមាថ​ដល់​ប្រជាជន ស្ថាប័នរដ្ឋ និង ជា​អំពើ​ផ្សងព្រេង ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិ​។​

​នៅក្នុង​ឱកាស​ប្រារព្ធ​អង្គ​មី​ទ្ទិញ​អបអរសាទរ​ខួប ៦៥​ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដោយ​ប្រយោល​មិនបាន​សំដៅ ចំពោះ​អ្នកនយោបាយ​ណាមួយ​នោះឡើយ​។ តែ​ទោះបីជា​យ៉ាងណា គេ​អាច​ដឹងបាន​ថា សារ​នយោបាយ​នេះ គឺ​សំដៅ​ដល់​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែលជា​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​ទៅ​និង​ផ្លូវច្បាប់​ក្នុង​បទល្មើស​ផ្សេងៗ​គ្នា ហើយក៏​កំពុង​ស្វែងរក​ការគាំទ្រ និង​អន្តរាគមន៍​ពី​បរទេស​នានា ដើម្បី​បាន​រួច​ផុតពី​ការអនុវត្ត​ច្បាប់ របស់​តុលាការ​កម្ពុជា​ផងដែរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គ្មាន​គណបក្ស​ណាមួយ ឬ​អង្គការ​សង្គម​ណាមួយ ឬ​មនុ​ស្សណា​ម្នាក់ ទោះ​ស្ថិត​ក្នុងឋានៈ ឬ​តួនាទី​អ្វី​ក៏ដោយ មិនអាច​ស្ថិត​នៅក្រៅ​រង្វង់​ច្បាប់​បានឡើយ អ្នកប្រព្រឹត្ត​កំហុស ទោះជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ត្រូវតែ​ទទួលទោស​តាមច្បាប់ ព្រោះ​កម្ពុជា​ជា​នីតិរដ្ឋ និង​ជា​រដ្ឋ ដែលមាន​អធិបតេយ្យ​ពេញលេញ​។ គេ​មិនត្រូវ​កាឡៃ​រឿង​ឯកជន​របស់​បុគ្គល ដែល​ធ្វើ​ខុស​ឲ្យ​ទៅជា​រឿង​នយោបាយ និង​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ​ឡើយ ទង្វើ​បែបនេះ គឺជា​អំពើ​ប្រមាថ​ដល់​ប្រជាជន ដល់​ស្ថាប័ន និង​ជា​អំពើ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិ​»​។​
​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ទទូច​ជាថ្មី​ម្តងទៀត ទៅកាន់​មជ្ឈដ្ឋាន​បរទេស​មួយចំនួន ស្វែងយល់​ឲ្យ​បាន​ច្បាស់ អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា និង​ផ្តល់​ការគាំទ្រ​ចំពោះ​ដំណើរការ​ជា​វិជ្ជមាន នៃ​ការអនុវត្ត​នីតិរដ្ឋរ​បស់​កម្ពុជា ជាមួយ​ការគោរព​ដល់​អធិបតេយ្យ​របស់​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    19590287

  • ថ្ងៃនេះ1731
  • ម្សិលមិញ4771
  • សប្តាហ៍នេះ6511
  • ខែនេះ26581
  • ឆ្នាំនេះ362841
  • សរុប19590287