ភ្នំពេញ៖ថ្លែងចេញពីក្រុងម៉ានីល ក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃ ម្សិលមិញ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ(CNRP)បាននិយាយថាលោកនៅតែមានសង្ឃឹមថា នឹងបង្កើតកិច្ចព្រមព្រៀងនយោបាយមួយគូប្រជែងនយោបាយរបស់លោក និងថាលោកប្រាកដជាវិលមកកម្ពុជាវិញនៅមុនការបោះឆ្នោតឃុំសង្កាត់នៅ ខែមិថុនាឆ្នាំក្រោយ។
តែមន្ដ្រីនាំពាក្យគណបក្សប្រជាជន (CPP) លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ នៅថ្ងៃនេះថាគណបក្ស ប្រជាជននឹងគ្មានកិច្ចចរចានយោបាយអ្វីទៀតជាមួយលោកសម រង្ស៊ី ទេ ហើយបើលោកសម សម រង្ស៊ី ចង់ត្រឡប់មកកម្ពុជាវិញ គឺត្រឡប់មកទទួលទោសព្រោះសាលក្រមស្ថាពរបានចេញហើយ ហើយសមត្ថកិច្ចនគរបាលក៏កំពុងតែចាំគាត់ដែរ។"សម រង្ស៊ី កុំសង្ឃឹមថាមានកិច្ចព្រមព្រៀងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០១៧" អោយសោះ។
លោកមានប្រសាសន៍ថា “អាហ្នឹងបើគាត់មកត្រូវជាប់គុក ព្រោះដីកាស្ថាពររបស់តុលាការគេរង់ចាំហើយ...ហើយគេមិនបិទផ្លូវ គាត់ដែរ...គាត់មានសិទ្ធិសេរីភាពពេញលេញក្នុងការមក ព្រោះកាលទៅក៏គេអត់ដេញគាត់ដែរ...អាហ្នឹងហើយបាននីតិរដ្ឋឱ្យ គាត់អញ្ជើញចូលមក ដើម្បីទទួលខុសត្រូវនៅចំពោះមុខច្បាប់...”។
គួរបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មកចុះផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយលោកថា ទោះបីជាការបោះឆ្នោតអាចមិនសេរី និងមិនយុត្តិធម៌ក៏ដោយ។ លោក កឹម សុខា ប្រាប់Reuters ទៀតថាប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរមួយ បន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំ។
ចំណែកលោកសម រង្ស៊ី វិញ ក៏បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានReuters កាលពីថ្ងៃទី២៩ ខែមិថុនាម្សិលមិញដែរថា “លោកហ៊ុន សែន ប្រើយន្ដការតុលាការ ដើម្បីបំបាក់គណបក្សប្រឆាំងគឺដើម្បីធានាបាននូវជោគជ័យរបស់គាត់លើ ការបោះឆ្នោតឆ្នាំ២០១៨ គ្រាដែលប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជាកំពុងធ្លាក់ចុះ”។
ទោះជាយ៉ាងណា លោកសុខ ឥសាន បានប្រាប់ទៅរ៉យទ័រវិញថា "ករណីប្រឆាំងមនុស្សនៅCNRPគឺជាបទល្មើសព្រហ្មទណ្ឌនិងពួកគេ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់"៕