ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា(CPP) បានបញ្ជាក់ប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ថាគ្មានទេការចរចាជាមួយគណបក្សសង្គ្រោះជាតិ(CNRP) ទោះបីជាមានសំណូមពរឬមួយក៏មានលិខិតស្នាមជាផ្លូវការចង់ជួបចរចា ជាមួយថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ ក៏ទៅមិនរួចដែរ។
ការថ្លែងបញ្ជាក់ជំហរបែបនេះ របស់គណបក្សប្រជាជនកម្ពុជា គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានសម្រេចកាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦ឲ្យក្រុមការងាររបស់ខ្លួនធ្វើការទំនាក់ទំនងសាជាថ្មី ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យស្ថានការណ៍វិលទៅរកស្ថានភាពដើមឡើងវិញ ដោយប្រើប្រាស់វប្បធម៌សន្ទនា។
ឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ថា ស្ថានការណ៍នយោបាយសព្វថ្ងៃ គឺមិនធ្ងន់ធ្ងរ ដូចជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ នោះទេក៏ប៉ុន្តែការដាក់លិខិតសុំចរចា គ្រាន់តែជាបែបបទឃោសនាដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងយកប្រជាប្រិយភាពថាខ្លួនចង់ចរចាដើម្បីដោះស្រាយបញ្ហាជាតិ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានដឹងខ្លួនហើយ ថាវាអត់មានទៅកើតទេហើយនេះជាល្បិចឃោសនានយោបាយរបស់គណបក្ស សង្គ្រោះជាតិ។
ឯកឧត្តមបានបញ្ជាក់ថា “ជាជំហររបស់គណបក្សប្រជាជនកម្ពុជា គឺមិនមានការផ្លាស់ប្តូរទេ សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសហើយថា អត់មានការចរចាអ្វីទេ ពីព្រោះគណបក្សប្រជាជនមិនបានទាស់ជាមួយនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវចរចាដើម្បីសម្រួល សភាពការណ៍នោះទេ។ បញ្ហាសំខាន់គឺជាបទល្មើសច្បាប់របស់សមាជិកព្រឹទ្ធសភា រដ្ឋសភា របស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ដែលធ្វើឲ្យពាក់ព័ន្ធនិងផ្លូវច្បាប់ អីចឹងទេ យើងមិនអាចចរចាបានទេ វាប៉ះពាល់ទៅដល់នីតិវិធីរបស់តុលាការកំពុងតែដំណើរការ។ ហើយដាច់ខាតអត់មានទេ នៅក្នុងការចរចា”៕