ភ្នំពេញ ៖ សំរាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ តំណាងរាស្ត្រ CNRP នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក យ៉ែម បុញ្ញាប្ញទ្ធិអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សនាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ។
លោកយ៉ែម បុញ្ញាឫទ្ធិ បានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិបានសម្រេចឱ្យប្រធានគណៈកម្មធិការដែលមកពី គណបក្សសង្គ្រោះជាតិចំនួន៥រូបទៅចូលរួមប្រជុំគណៈកម្មាធិការ អចិន្ដ្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨”។
នេះជាលើកទី១ហើយគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តបញ្ជូនអ្នកតំណាងរាស្ដ្ររបស់ខ្លួនដើម្បីទៅចូលរួម ប្រជុំនៅរដ្ឋសភា បន្ទាប់ពីតំណាងរាស្ដ្រមកពីគណបក្សមួយនេះ បានសម្រេចមិនចូលរួមប្រជុំអស់ជាច្រើនលើកមកហើយតាំងពីមានការព័ទ្ធ ចាប់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ព្រោះតែមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ។
គួររំលឹកដែរ ថា បន្ទាប់ពីទទួលបានលិខិតស្នើពីក្រសួយុត្តិធម៌ដើម្បីឱ្យរដ្ឋសភាលើក អភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាង រាស្ត្រមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់នោះ រដ្ឋសភាក៏បានសម្រេចដាក់បញ្ជូនរបៀបវាៈនេះទៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ៕