រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា នឹងពិនិត្យតាមផ្លូវច្បាប់សម្រាប់ប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍គ្មានមូលដ្ឋានច្បាស់លាស់ ។ លោក សុខ ឥសានបានថ្លែងឲ្យដឹងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី លើកឡើងថា ការស្លាប់របស់លោកបណ្ឌិត កែម ឡី មានការរៀបចំពីរដ្ឋអំណាច ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា លោកបណ្ឌិត កែម ឡី មុននឹងស្លាប់ បានទៅជួបជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈដែលលោកធ្លាប់សរសេរគោលនយោបាយឲ្យគណបក្សសង្គ្រោះជាតិ ។
លោក សម រង្ស៊ី តាមរយៈវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើង ថា « លោក បណ្ឌិត កែម ឡី បានសរសេរកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិ ។ លោកមានជំនាញខាងវិមជ្ឈការ ខាងរៀបចំប្រទេស វៀបចំកម្លាំងប្រជារាស្ត្រឲ្យចេះស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ហើយឲ្យលទ្ធិប្រជាធិបតេយ្យរស់វើកនៅតាមមូលដ្ឋាន»។
លោក សម រង្ស៊ី បន្តថា គំនិតលោកបណ្ឌិត កែម ឡី មានភាពស៊ីជម្រៅណាស់គឺធ្វើយ៉ាងណាឲ្យមានការយល់ដឹងពីថ្នាក់ មូលដ្ឋាន ។ ជាមួយលោក កឹម សុខា គាត់ត្រូវគ្នានិងស្រឡាញ់គ្នា ហើយលោកមានគម្រោងចូលគណបក្សសង្គ្រោះជាតិ បានជាគេសម្លាប់គាត់ជាមុន ។
លោក សម រង្ស៊ី ថ្លែងថា « គេសម្លាប់លោកបណ្ឌិត កែម ឡី ជាមុនកុំឲ្យមកចូលគណបក្សសង្គ្រោះជាតិ ហើយនៅពេលគាត់ចួលមកនោះ គណបក្សនឹងរឹតតែទទួលជ័យជម្នះថែមទៀត ។ ករណីទាំងប៉ុន្មាន គេដឹងអស់ហើយ គឺនៅតែចាំឱកាសគ្រប់គ្រាន់តែប៉ុណ្ណោះ ដោយមានរបត់នយោបាយថ្មីមួយ មានតុលាការឯករាជ្យ មិនយកអំណាចនិងលុយជាធំ គឺយកច្បាប់ជាធំ» ។
ក្នុងវីដេអូឃ្លីបនោះដែរ លោក សម រង្ស៊ី បានទម្លាក់កំហុសថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី និងករណីសម្លាប់លោក ជា វិជ្ជា លោក ឈុត វុទ្ធី គឺជាការរៀបចំរបស់រដ្ឋអំណាច ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងទាំងនេះ ។
លោក សុខ ឥសាន នៅថ្ងៃទី១៩ ខែកក្កដា បានថ្លែងថា «ការលើកឡើងរបស់មេបក្សប្រឆាំងនោះ សុទ្ធតែការចោទប្រកាន់ទៅលើរដ្ឋអំណាចទាំងអស់ ។ យើងឃើញថា គណបក្សប្រជាជនកម្ពុជាមានកាទទួលខុសត្រូវទាំងអស់ ដូចជាការគ្រប់គ្រង និងដឹកនាំសង្គមឲ្យមានស្ថិរភាពនយោបាយក្នុងប្រទេសជាតិ ។ ដូច្នេះ គណបក្សមិនធ្វើអំពើឃាតកម្មដែលជាអំពើឆោតល្ងង់ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លែងថ្នូរនោះទេ » ។
លោក សុខ ឥសាន ថ្លែងទៀតថា ករណីឃាតកម្មនេះ មានតែគណបក្សផ្សេងទេ ។ ជាក់ស្តែងក្នុងករណីក្រោយឃាតកម្ម លោក សម រង្ស៊ី បាននិយាយតាមរយៈសង្គមហ្វេសប៊ុកថា ជាការរៀបចំរបស់រដ្ឋអំណាច ដែលជាការចោទប្រកាន់ត្រង់មកគណបក្សប្រជាជនកម្ពុជា ដូច្នេះសុំឲ្យគាត់រកភ័ស្តុតាងមកបញ្ជាក់ ។
ការលើកឡើងរបស់លោក សម រង្ស៊ី ប្រហែលជាគាត់ចង់បន្ថែមការជាប់ពន្ធនាគារទៀត ព្រោះលោក សម រង្ស៊ី បានធ្វើការបរិហារកេរ្តិ៍គណបក្សប្រជាជនដោយគ្មានមួលដ្ឋាន ។ លោក សុខ ឥសាន ថ្លែងថា បើលោក សម រង្ស៊ី នៅតែបន្តធ្វើការបរិហារកេរ្តិ៍ទៀត គណបក្សប្រជាជនកម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យប្តឹង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា កន្លងមក ចំថ្ងៃដែលឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា ខ្ញុំសូមលំឱនកាយ គោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ថ្ងៃនេះ នៅទីក្រុងភ្នំពេញ ។
លោក កែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឲ្យកត់សម្គាល់ ។ ដោយសារតែលោកជាគ្រោះថ្នាក់នយោបាយសម្រាប់ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករឲ្យសម្លាប់លោក កែម ឡី ដូចគេបានជួលឃាតករកាលពីអតីតកាលថ្មីៗនេះ ឲ្យសម្លាប់លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែលបានចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោក កែម ឡី អ៊ីចឹងដែរ ។ ដូចចំពោះការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ នៅទីក្រុងភ្នំពេញ ហើយដូចចំពោះការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ានទិតៀនរាជរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច ។
គួរបញ្ជាក់ថា បើយោងតាមវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ ផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ថា លោក កែម ឡី មិនបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិនោះទេ លោកជាស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានតែលោកមិនបានចូលរួម ជាមួយគណបក្សនេះទេ គឺលោកបែរជាបង្កើតក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍វិញ ៕