ភ្នំពេញ ៖ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា ជាអ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ។ការលើកឡើងរបស់លោកសួន សេរីរដ្ឋានេះ គឺតាមរយៈសារមួយដែលលោកបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី២០ ខែកក្កដានេះ។
លោកបានសរសេរថា “លោក កែម ឡី មុនពេលគេសម្លាប់បានដាក់រហ័សនាមលោក សម រង្ស៊ី ថាជាអ្នកក្លាហានក្នុងស្នូកនិងជាអ្នកនយោបាយអង្ករកំប៉ុង! ពេលនេះខ្ញុំថែមរហ័សនាមឲ្យ លោក សម រង្ស៊ី មួយទៀតគឺ អ្នកក្លាហានភ្លើងចំបើងនិងជាអ្នកសេដ្ឋកិច្ចផេះ!”។
ការលើកឡើងក្នុងន័យដៀលត្មេះប្រមុខគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសនៅក្រៅស្រុកដោយខ្លួនឯងនេះគឺជាការប្រតិកម្ម នឹងលោកសម រង្ស៊ី ដែលបានអំពាវនាវឱ្យសហភាពអឺរ៉ុប បិទការបញ្ជាទិញទំនិញពីរោងចក្រស្រុកខ្មែរ។
មេបក្សនយោបាយ ក្មេងខ្ចីរូបនេះ បានអះអាងថា “ការដែលលោកសម រង្ស៊ី ទាមទារឱ្យសភាអឺរ៉ុបបិទការបញ្ជាទិញទំនិញពីរោងចក្រស្រុកខ្មែរ ហើយចាំបើកវិញភ្ជាប់ជាមួយនឹងលក្ខខណ្ឌថ្មីនោះ វាគ្មានអ្វីក្រៅពីសុំឱ្យថែមចំណុចមួយគឺ ឱ្យខ្លួន(សម រង្ស៊ី)បានចូលមកស្រុករួចពីការចាប់ខ្លួននោះទេ បន្ទាប់ពីខំលុនតួអង្វរ ហ៊ុន សែន មិនបានសម្រេច។ ចំណុចថោកទាបដ៏ពិសេសរបស់ សម រង្ស៊ី គឺធ្វើនយោបាយរបៀបអ្នកក្លាហានភ្លើងចំបើង ដែលមើលទៅអណ្តាតភ្លើងស្មានអស្ចារ្យណាស់តែតាមពិតមួយចំហេះនេះដុត តែត្រីងៀតស្ងួតស្រាប់មិនបានឆ្អិនផង។ មួយវិញទៀតអ្នកក្លាហានភ្លើងចំបើងនេះ បើការនិយាយ និងសរសេរខាងក្រៅ ដូចខ្លួនឯងជាដុំរងើកភ្លើងធ្យូងឈើរប្រណិត តែតាមពិតគឺផេះចំបើងសុទ្ធសាធ”។
លោកបន្ដថា “មកដល់រឿងសេដ្ឋកិច្ច ដែលយកជម្លោះនយោបាយបុគ្គលខ្លួនឯង បក្សខ្លួនឯង ខូចខ្លួនឯង ខុសខ្លួនឯងហើយមិនថ្លៃថ្នូរ មិនហ៊ានប្រឈមមុខ បែរជាយកជីវិត និងឆ្នាំងបាយរបស់ គ្រួសារកម្មករ-កម្មការនី ជិត១លាននាក់មកលេងសើច។ស្មានថា ការបិទ និងបើកទីផ្សាអឺរ៉ុប បិទហើយងាយបើកបានវិញដូចបើកកុងតាក់ភ្លើងឬ? នេះបានហៅថា អ្នកសេដ្ឋកិច្ចផេះដែលមានគំនិតសេដ្ឋកិច្ចឆ្កួតលីលា និងគ្មានគុណធម៌ចំពោះកម្មករ-ម្មការនី ដែលធ្លាប់ និងកំពុងគាំទ្រខ្លួន”។
លោកសួន សេរីរដ្ឋា បានបញ្ជាក់ជាចុងក្រោយថា “បើពលរដ្ឋខ្មែរ កម្មករខ្មែរ យុវជនខ្មែរ នៅបន្តគាំទ្រអ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ នេះថាជា មេបក្សប្រឆាំងដ៏អស្ចារ្យទៀតនោះត្រៀមខ្លួនធ្វើជាទាសករនយោបាយរបស់ ពួកហ្នឹងតកូនតចៅទៅចុះ”៕