ភ្នំពេញ ៖ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់នៅរសៀលថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៦ នេះថា "ពុំមានអ្នកណាគេយកទោសលោកកឹម សុខា ទេ គឺគាត់ជាអ្នកឃុំខ្លួនឯង"។
ការលើកឡើងរបស់មន្ដ្រី នាំពាក្យគណបក្សកាន់អំណាចរូបនេះ គឺជាការឆ្លើយតបទៅនឹង ការលើកឡើងរបស់លោកអេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានអះអាងថា គណបក្សសង្គ្រោះជាតិចង់បានស្មើភាពគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាអាចធ្វើកិច្ចការក្នុងនាមជាអ្នកតំណាងរាស្ដ្រ បានដោយសេរី ហេតុនេះគណបក្សសង្គ្រោះជាតិ ក៏គួរតែអាចធ្វើបានដែរ ដោយមិនត្រូវបានចាប់ចង មិនត្រូវយកទោសប្រមុខដឹកនាំរបស់គណបក្សខ្លួននោះទេ។
យ៉ាងណាមិញ លោកសុខ ឥសាន បានបញ្ជាក់ចំពោះករណីលោកកឹម សុខាថា “ចុះមានពីណាចាប់ទោសគាត់ គឺគាត់ឃុំខ្លួនឯងតើ...អត់មានទេ...មាត្រា៥៣៨ហ្នឹងវាពាក់ព័ន្ធ តែមួយអាទិត្យទេ ដែលយើងមិនចូលខ្លួនតាមការកោះរបស់ព្រះរាជអាជ្ញា...ហ្នឹងបានន័យថា យើងបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង...ហើយបទល្មើស ព្រហ្មទណ្ឌជាក់ស្ដែងហ្នឹង វាមានរយៈពេលតែមួយសប្ដាហ៍ទេ...ហើយបើគាត់ចូលទៅ បើសិនណាគេសួរគាត់តែ៤៨ម៉ោងហ្នឹងចប់បាត់ហើយ វាមានអីទៀត...”។
លោកបានបន្ដថា “...អាឡូវគាត់ចេញដើរទៅណាក៏បានដែរ អត់មានពីណាហាមឃាត់ទេ គាត់ភ័យខ្លួនគាត់តើ...”៕