រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានខឹងសម្បាវិទ្យុបារាំងអន្តរជាតិថា មិនបានយកសម្ដីដើមដែលលោកថ្លែងក្នុងកិច្ចប្រជុំនៅសភាសហគមន៍អឺរ៉ុប ។
លោក សម រង្ស៊ី បានបញ្ជាក់ថានៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «វិទ្យុបារាំងអន្តរជាតិ (RFI) មិនបានស្តាប់ពាក្យសម្តីដើម និងពាក្យសម្តីពិតរបស់ខ្ញុំទេ ហើយនិយាយខុសតាមគេ។ បើ RFI នេះ មានស្មារតីវិជ្ជាជីវៈខ្ពស់មែន គួរណាស់ពេលនេះចូលមើលវីដេអូ ដែលសភាអឺរ៉ុបបានថតជាផ្លូវការនូវសុន្ទរកថារបស់ខ្ញុំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ហើយធ្វើការកែតម្រូវជាបន្ទាន់ ។ មិនគួរនិយាយខុសតាមគេ ហើយចាញ់បោកការឃោសនារបស់រដ្ឋាភិបាលដែលអះអាងថា ប្រជារាស្ត្រ ខ្មែរភាគច្រើនមិនចេះស្តាប់ភាសាបារាំង ។ ស្តាយណាស់ ដោយកត់សម្គាល់ថា សូម្បីតែ RFI នេះ ដែលមានជំនាញខាងភាសាបារាំងក៏បណ្តោយឱ្យគេយកពាក្យសម្តីខ្ញុំជា ភាសាបារាំងទៅកាឡៃតាមចិត្ត» ។
ការលើកឡើងនេះ គឺបន្ទាប់ពីវិទ្យុបារាំងបានស្រង់សម្ដីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញត្រូវមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ ។
វិទ្យុបារាំងអន្តរជាតិបានលើកឡើងទៀតថា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេដែលប៉ះពាល់ ។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយដែលសូកលុយមួយចំណែកធំទៅឱ្យ គណបក្សកាន់អំណាច ។
លោក សម រង្ស៊ី បន្តថា ហេតុដូចរៀបរាប់ខាងលើនេះ បើសហភាពអឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ ត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ ។ បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ ។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ អគ្គនាយកវិទ្យុបារាំងអន្តរជាតិ បានឆ្លើយបតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈសង្គមហ្វេសប៊ុកថា អត្ថាធិប្បាយលើសំណេររបស់លោក មិនមែនជាទម្លាប់របស់ខ្ញុំទេ ។ ប៉ុន្តែអ្វីដែលលោកបានសរសេរវាយតម្លៃមកលើវិទ្យុបារាំង RFI ត្រូវតែមានចម្លើយតបតពីខ្ញុំវិញដោយមិនអាចខ្វះបាន ។
លោកបានលើកឡើងថា ដោយក្តីគោរព ខ្ញុំចង់សរសេរជម្រាបលោកដូចតទៅ ៖
ទី១-កាលពីប៉ុន្មានថ្ងៃមុននេះសោះ(ដូចមានឯកសារភ្ជាប់មក ខាងក្រោម) លោកដូចជាមានមោទនភាព និងទឹកចិត្តសប្បាយរីករាយពេកក្រៃ ក្នុងការផ្សព្វផ្សាយបន្តនៅលើទំព័រហ្វេសប៊ុករបស់លោក នូវព័ត៌មានរបស់វិទ្យុបារាំងRFI ព័ត៌មានដែលថ្ងៃនេះលោកបែរជាថាមិនត្រឹមត្រូវនិងច្រានចោលវិញ ។ ខ្ញុំយល់ណាស់ ដ្បិតមែនទែនទៅ កាលពីប៉ុន្មានថ្ងៃមុន លោកចង់ផ្សព្វផ្សាយឱ្យមហាជនខ្មែរដឹងថា លោកបានបញ្ចុះបញ្ចូលសភាអឺរ៉ុបឱ្យសម្រេចចិត្តដាក់សម្ពាធសេដ្ឋកិច្ច លើ រាជរដ្ឋាភិបាលខ្មែរ ផ្ទុយទៅវិញថ្ងៃនេះ លោកចង់បិទបាំងព័ត៌មាននេះវិញ ពីព្រោះវាពោរពេញទៅដោយសង្គ្រាមប៉ាកកា ។
ទី២-លោកបានវាយតម្លៃ(ខ្ញុំសង្ខេបអត្ថន័យ)ថា វិទ្យុបារាំងRFI ខ្វះស្មារតីវិជ្ជាជីវ: និយាយខុសតាមគេ មិនបានស្តាប់ពាក្យសម្តីដើមនិងពាក្យសម្តីពិតរបស់លោក។ បើអុីចឹងមែន ហេតុអ្វីបានជាលោកយកព័ត៌មានហ្នឹងរបស់វិទ្យុបារាំងដែល«ខ្វះ ស្មារតីវិជ្ជាជីវ:» ទៅផ្សព្វផ្សាយបន្តលើទំព័រហ្វេសប៊ុករបស់លោកដាក់ជាចំណងជើងទី១ ទៀតផង ជូនដល់សកម្មជននៃគណបក្សរបស់លោក ?
លោកហ្សង់-ហ្វ្រង់ស័រ តាន់ បញ្ជាក់ថា «មានតែមូលហេតុម្យ៉ាងគត់ នោះគឺខុសផ្ទុយពីសម្តីរបស់លោក ចិត្តរបស់លោកទទួលស្គាល់ថា អ្វីដែលRFI បានផ្សាយជុំវិញបេសកកម្មរបស់លោកនៅសភាអឺរ៉ុបគឺជាការពិត ការពិតដែលក្នុងពេលនេះ លោកចង់កាឡៃថាមិនពិតវិញ ដោយហេតុតែប្រតិកម្មដែលបាននិងកំពុងបន្តប្រព្រឹត្តទៅដូចព្យុះនៅ កម្ពុជា ។ ខ្ញុំធ្វើការនៅក្នុងវិស័យសារព័ត៍មានជាង២០ឆ្នាំកន្លងមកហើយ ។ រូបលោកវិញ ជាអ្នកនយោបាយច្រើនទសវត្សរ៍កន្លងមកហើយ ។ ខ្ញុំមិនហ៊ានបង្រៀនលោកធ្វើនយោបាយទេ តែសូមលោកចៀសវាងកុំបង្រៀនខ្ញុំធ្វើកាសែត» ៕