ភ្នំពេញ ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានសម្តែងការគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា អ្នកដែលសម្តេច ត្រូវស្មោះត្រង់គឺជាតិខ្មែរបស់សម្តេច ហើយវៀតណាមមិនមែនជា ចៅហ្វាយរបស់សម្តេច ដែលត្រូវស្មោះត្រង់ជាមួយគ្នានោះទេ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបញ្ជាក់ថាលោកបានចាត់ទុកការលើកឡើងរបស់សម្តេច ជាសម្តីមាស និងជាអ្វីដែលពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលជាយូរណាស់មកហើយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកបន្ថែមថា លោកនឹងចាំមើលបន្តទៅមុខទៀត នូវសកម្មភាពរបស់សម្តេចតេជោ ជាមួយប្រទេសវៀតណាម ហើយលោកសង្ឃឹមថា សម្តេចនឹងធ្វើបានដូចអ្វីដែលបានលើកឡើងនៅពេលនេះ ។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា “បច្ចុប្បន្ននេះ បញ្ហាយួននេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មិនទុកចិត្តទៅលើគណបក្សប្រជាជកម្ពុជា តែឥឡូវនេះ សម្តេចតេជោ លោកបានបំភ្លឺហើយរវាងទំនាក់ទំនង ជាមួយវៀតណាម ជាអ្វីដែលពលរដ្ឋខ្មែរចង់បាននិងចាំស្តាប់ ដើម្បីយកទៅពិចារណា បើសិនជាសម្តេច ធ្វើអ្វីទៅតាមឆន្ទៈ ដែលបានលើកឡើងនោះគឺជាដំណោះស្រាយយ៉ាងល្អបំផុត ដល់ពលរដ្ឋខ្មែរ” ។
ដោយឡែកជាមួយគ្នានេះដែរ បន្ទាប់ពីមានព័ត៌មាននៃការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ទៅម្ចាស់គណនីហ្វេសប៊ុកជនជាតិវៀតណាមឈ្មោះ Phạm Đức Hiểnបានចេញផ្សាយភ្លាម ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសយ៉ាងច្រើនអនេក បាននាំគ្នាសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការព្រមានរបស់សម្តេចតេជោ ទៅលើអ្នកលេងហ្វេសប៊ុក ជនជាតិវៀតណាមមួយនេះ៕