ភ្នំពេញ ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែសីហានេះ បានច្រានចោលនូវការអះអាងទាំងឡាយដែលថា គណបក្សសង្គ្រោះជាតិ បង្កើតរដ្ឋាភិបាលស្រមោល ដើម្បីតាមដានសកម្មភាពរាជរដ្ឋាភិបាល ឬដើម្បីត្រៀមខ្លួនសម្រាប់ការឈ្នះឆ្នោត។
ការប្រកាសគោលជំហរគណបក្សសង្គ្រោះជាតិជាថ្មីនេះ គឺបន្ទាប់ពីលោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកឡើងនៅក្នុងសន្និសីទកាសែតមួយដោយអះអាងថា គណៈកម្មការជំនាញទាំង១០របស់គណបក្សសង្គ្រោះជាតិ ប្រៀបដូចជារដ្ឋាភិបាលស្រមោលដែលនឹងត្រៀមខ្លួន ដើម្បីក្លាយជាគណៈរដ្ឋមន្ត្រីមួយ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
ក្នុងន័យច្រានចោលចំពោះសម្តី លោក សុន ឆ័យ, លោក យឹម សុវណ្ណ បានពន្យល់ថា គណៈកម្មការជំនាញចំនួន១០ដែលត្រូវបានរៀបចំរចនាសម្ព័ន្ធដឹកនាំនាថ្មីៗខាងមុខនេះ គ្រាន់តែជារចនាសម្ព័ន្ធផ្ទៃក្នុងក្នុងគណៈកម្មាធិការនាយក របស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់យោបល់ ឬអនុសាសន៍ដល់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក៏ដូចជាផ្តល់យោបល់ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ បានថ្លែងថា “...នេះជារចនាសម្ព័ន្ធគណបក្ស ដែលបង្កើតឡើងដើម្បីបណ្តុំធនធានមនុស្សនៅក្នុងគណៈកម្មាធិការនាយក របស់គណបក្ស ស្រាវជ្រាវកិច្ចការសំខាន់ៗ ដើម្បីជួយផ្តល់គំនិតក្នុងន័យស្ថាបនាជូនដល់គណៈកម្មការរដ្ឋសភាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ...ដូច្នេះមិនមែនជា រដ្ឋាភិបាលស្រមោលឬមួយក៏ទៅតតាំងជាមួយរដ្ឋមន្ត្រីរបស់គណបក្សប្រជាជនឬរដ្ឋមន្ត្រីនៅក្នុងជួរដ្ឋាភិបាលនោះទេ...យើងមិនទាន់ឈានដល់ការ យកប្រព័ន្ធតាមបែបអង់គ្លេស ឬតាមបែបប្រព័ន្ធប្រទេសអូស្ត្រាលីនោះទេ...”។
គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការកណ្តាលគណបក្ស លោក សុន ឆ័យ បានលើកឡើងថា គណបក្ស សង្គ្រោះជាតិ(CNRP) បានបង្កើតគណៈកម្មការ ស្រមោលចំនួន១០ ដូចនឹងគណៈកម្មការទាំង១០របស់រដ្ឋសភាក្នុងគោលបំណងដើម្បីស្រាវជ្រាវលើវិស័យទាំងឡាយដែលមាននៅកម្ពុជា និងដើម្បីត្រៀមសម្រាប់ការដឹកនាំនៅពេលឈ្នះឆ្នោត។
លោកបន្ដថា គណៈកម្មការជំនាញទាំង១០ បានបង្កើតឡើងរយៈពេលបីខែមកហើយ ដោយក្រុមជំនាញ ឬគណៈកម្មការទាំងនោះមានលក្ខណៈដូចនឹងគណៈកម្មការជំនាញទាំង១០ របស់គណៈកម្មការទាំង១០ របស់រដ្ឋសភាដែរ។
លោកបញ្ជាក់ថា “...ក្រុមជំនាញនេះ យើងបានបង្កើតឡើ៣ខែហើយ ក្រុមជំនាញនេះមាន ឈ្មោះ មិនខុសគ្នានិងគណៈកម្មការជំនាញទាំង១០រដ្ឋសភានោះទេ...បំណងដែលយើងបង្កើតក្រុមជំនាញ ហើយឈ្មោះគ្នានិងគណៈកម្មការជំនាញទាំង១០រដ្ឋសភានោះ គឺមានការចាប់ផ្តើមមួយឬដំណាក់ដំបូងមួយ ដែលធ្វើឱ្យក្រុមអ្នកជំនាញ ក្នុងគណបក្សអាចធ្វើការស្រាវជ្រាវ ផ្នែកបច្ចេកទេសលើវិស័យទាំងឡាយដែលមានក្នុងប្រទេសកម្ពុជាយើង...ជាងនេះក្នុង គោលបំណងត្រៀមខ្លួនតាមកាលៈទេសៈ ដែលជិតមកដល់គណសង្គ្រោះជាតិឈ្នះឆ្នោតនឹងគ្រប់គ្រងប្រទេស...”។
ជាមួយនឹងការប្រកាសរបស់លោកស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចំអកឱ្យគណបក្សសង្គ្រោះជាតិដោយចាត់ទុកថា ការបង្កើតរដ្ឋាភិបាលស្រមោលនេះ គឺជាការស្រមើលស្រមៃរបស់គណបក្សប្រឆាំង និងខុសនឹងច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
លោកថា “...គ្រាន់តែជាការ ឃោសនា ដើម្បីឱ្យអ្នកព័ត៌មានក៏ដូចជាសាធារណជនចាប់អារម្មណ៍ទៅលើខ្លួនប៉ុណ្ណោះ...វាដូចជាគ្មានសារសំខាន់សម្រាប់ជាតិទេ...ការបង្កើតហ្នឹង គឺខុសទៅនឹងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា...”៕