ភ្នំពេញ ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានផ្ញើលិខិតមួយច្បាប់នៅរសៀលថ្ងៃទី២៣ ខែសីហា ស្នើឲ្យព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បំភ្លឺជាលាយលក្ខណ៍អក្សរឲ្យឆាប់រហ័ស ក្រោយពីមានពលរដ្ឋមួយរូបឈ្មោះ ប៊ុន ធឿនបានបញ្ចេញមតិនៅវិទ្យុសំបុកឃ្មុំថា កន្លងមក ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់លើកឡើងថា លោក ម៉ម សូណង់ដូ ដែលបង្កើតបក្សថ្មីនេះគឺដើម្បីផ្ចាញ់ផ្ចាលលោក សម រង្ស៊ី ដែលមិនព្រមប្រគល់តួនាទីតំណាងរាស្ត្រជូនគាត់។
លិខិតរបស់លោក ម៉ម សូណង់ដូ សរសេរថា ប្រសិនបើព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិនឆ្លើយតបជាលាយលក្ខណ៍អក្សរទេ លោកមានបំណងប្ដឹងទៅតុលាការពីបទលាបព៌ណ មួលបង្កាច់ និងបរិហារកេរ្តិ៍ ព្រោះពាក្យសម្ដីនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគណបក្សនិងរូបលោកផ្ទាល់។
ចំពោះករណីនេះ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថាព្រះអង្គនឹងមិនឆ្លើយតប និងខ្វល់ខ្វាយចំពោះការគំរាមប្ដឹងពីប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នោះទេ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានប្រាប់វិទ្យុក្រៅស្រុកមួយថា ការលើកឡើងរបស់ពលរដ្ឋមួយរូបនោះ គឺគ្រាន់តែជាសិទ្ធិបញ្ចេញមតិ ហើយព្រះអង្គសោកស្ដាយដែលអ្នកនយោបាយខ្មែរចូលចិត្តបំបែកឯតទគ្គកម្ម ប្ដឹងផ្តល់ ដែលមិនគិតដល់ប្រយោជន៍ជាតិ និងប្រជាជន។
តេជព្រះគុណប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា"...អាត្មាភាពសុំមិនឆ្លើយតបអ្វីទាំងអស់ ព្រោះគ្មានន័យអ្វីទេចំពោះការឆ្លើយឆ្លង...បើគេនិយាយរិះគន់ប៉ុណ្ណឹងធ្វើអ្នកនយោបាយស្វាគមន៍គេទៅ ព្រោះអ្នកនយោបាយជាបុគ្គលសាធារណៈ...បើធ្វើអ្នកនយោបាយមិនឲ្យគេរិះគន់នោះ ទៅចិញ្ចឹមមាន់ចិញ្ចឹមទាវិញទៅកុំនៅដើម្បីទើសមុខទើសមាត់ក្មេងជំនាន់ក្រោយ..."៕