លោក ម៉ម សូណង់ដូ សម្រេចប្តឹង ព្រះតេជគុណ ប៊ុត ប៊ុនតិញ រឿងរិះគន់ថា លោកបានស្នើ លោក សម រង្ស៊ី សុំតួនាទីជាតំណាងរាស្រ្ត

25-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រាប់ ឱ្យដឹងនៅថ្ងៃទី២៤ ខែសីហានេះថា លោកនឹងដាក់ពាក្យប្តឹង ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ករណីចោទប្រកាន់ថា រូបលោកបានដើរចេញពីលោក សម រង្ស៊ី ដោយសារតែការស្នើសុំតួនាទីជាតំណាងរាស្រ្តមិនបានសម្រេច។

លោក ម៉ម សូណង់ដូ បានអះអាងថា ការចោទប្រកាន់បែបនេះ គឺបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុត ដល់ជីវិតនយោបាយ កិត្តិយស និងគណបក្សថ្មីរបស់លោក ដែលកំពុងធ្វើនយោបាយដើម្បីប្រជាពលរដ្ឋ។ លោកថា «គ្មានហេតុផលអ្វីដែលខ្ញុំទៅសុំ សម រង្ស៊ី ធ្វើតំណាងរាស្រ្ត គឺអត់មានទាល់តែសោះ អាហ្នឹងគឺធ្ងន់ធ្ងរជាទីបំផុតចំពោះខ្ញុំ ប៉ះពាល់ដល់កិត្តិយសខ្ញុំ ហើយនិងគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ជីវិតនយោបាយរបស់ខ្ញុំ គឺធ្ងន់ធ្ងរណាស់ ប៉ុន្តែ តេជគុណ ប៊ុត ប៊ុនតិញ គាត់ថាជាការរិះគន់ ប៉ុន្តែខ្ញុំថា នេះមិនមែនជាការរិះគន់ទេ នេះជាការមួលបង្កាច់»

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ មានប្រិយមិត្តម្នាក់ឈ្មោះ ប៊ុន ធឿន បានប្រាប់ដល់វិទ្យុសំបុកឃ្មុំថា ព្រះតេជគុណ ប៊ុត ប៊ុនទិញ ធ្លាប់មានសង្ឃដីកាថា «លោក ម៉ម សូណង់ដូ បានទៅសុំ លោក សម រង្ស៊ី យកតំណាងរាស្រ្ត២នាក់ ប៉ុន្តែឯកឧត្តម សម រង្ស៊ី ឱ្យតែម្នាក់ បើអញ្ចឹង លោក ម៉ម សូណង់ដូ មិនពេញចិត្ត ក៏បង្កើតគណបក្សនឹងមកដើម្បីផ្ចាញ់ផ្ចាល ខឹងគេអត់ឱ្យតំណែង»។ នេះបើតាមលិខិតរបស់ លោក ម៉ម សូណង់ដូ ផ្ញើទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបំភ្លឺរឿងនេះ។

លោក ម៉ម សូណង់ ដូរបានបន្ថែមថា « យើងមិនអាចទុកឱ្យមនុស្សជាព្រះសង្ឃ បំផ្លាញព្រះពុទ្ធសាសនាដោយគ្រាន់តែយកស្បងជីវ មកមួលបង្កាច់អ្នកដទៃ ហើយការប្តឹងប្រាកដជាប្តឹងហើយ មិនមែន១០០ភាគរយទេ គឺ១ពាន់ភាគរយ ដែលគាត់ជាព្រះសង្ឃហើយមួលបង្កាច់មកឱ្យប៉ះពាល់ដល់កិត្តិយសខ្ញុំ កិត្តិយសនយោបាយរបស់ខ្ញុំ និងកិត្តិយសគណបក្សរបស់ខ្ញុំ»

ទោះជាយ៉ាងណា មិនអាចទំនាក់ទំនងទៅព្រតេជគុណ ប៊ុន ប៊ុនតិញ បាននៅឡើយទេ នាព្រឹកថ្ងៃទី២៤ ខែសីហានេះ ដោយសារទូរស័ព្ទរបស់ព្រះតេជគុណ មិនអាចទំនាក់ទំនងបាន។ ប៉ុន្តែព្រះតេជគុណបានឆ្លើយតបតាមវិទ្យុមួយ ហាក់បីដូចជាបញ្ជាក់ថា ព្រះតេជគុណទទួលស្គាល់នូវការលើកឡើងបែបនោះ។ ព្រះតេជគុណមានសង្ឃដីកាថា ព្រះតេជគុណមិនចាប់អារម្មណ៍ នឹងការគំរាមប្តឹងរបស់ លោក ម៉ម សូណង់ដូនោះទេ ហើយថា អ្វីដែលព្រះអង្គធ្លាប់លើកឡើងនោះ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ ។

មុននិងក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ កាលពីឆ្នាំ២០១៣ លោក ម៉ម សូណង់ដូ ត្រូវបានគេប្រទះឃើញមានសកម្មភាពមួយចំនួន ដែលគាំទ្រ និងចូលរួមជាមួយ គណបក្សសង្រ្គោះជាតិ ប៉ុន្តែក្រោយមក លោកក៏បានចាកចេញទៅបង្កើតគណបក្សចាស់របស់លោកវិញ នោះគឺគណបក្សសំបុកឃ្មុំ ដែលក្រោយមកមានឈ្មោះជា គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ។

ចំពោះរឿងនេះ លោក ម៉ម សូណង់ដូ បានអះអាងថា លោកបានតស៊ូគាំទ្រគណបក្សប្រឆាំង រយៈពេល៥ឆ្នាំហើយ ប៉ុន្តែលោកមានការខកចិត្តនឹងគណបក្សនេះចំពោះរឿងដែលពួកគេចូលសភា ដោយសារតែពួកគេបាន បោករូបលោកឱ្យចូលរួមបាតុកម្ម ហើយអះអាងថាមិនចូលសភា ប៉ុន្តែទីបំផុតពួកគេទៅចូលសភាវិញ។ លោក ម៉ម សូណង់ដូ បាននិយាយថា លោកមិនអាចជឿជាក់លើ គណបក្សសង្រ្គោះជាតិទៀតទេ៕

 

ចំនួនអ្នកទស្សនា

    19562387

  • ថ្ងៃនេះ1811
  • ម្សិលមិញ3741
  • សប្តាហ៍នេះ5561
  • ខែនេះ80001
  • ឆ្នាំនេះ334941
  • សរុប19562387