ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានដឹកនាំបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំង២៥ខេត្ត-ក្រុង នៅទីស្នាក់ការកណ្តាលគណបក្សនៅរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។ កិច្ចប្រជុំគឺដើម្បីរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នាពេលខាងមុខនេះ។
លោកញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងប្រាប់ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ថា នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ដោយនៅក្នុងកិច្ចប្រជុំថ្ងៃទី១ (២៦សីហា) សម្តេចក្រុមព្រះ បានជួបជាមួយក្រុមការងារប្រចាំខេត្តទាក់ទងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ និងរៀបចំអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត។ ហើយព្រះអង្គសូមឲ្យសមាជិកទាំងអស់រៀបចំខ្លួនសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់។ ហើយជារួមមើលទិដ្ឋភាពទូទៅថា តើការចុះឈ្មោះបោះឆ្នោតអាចជឿទុកចិត្តបានអត់?។ ជាមួយគ្នានេះ ព្រះអង្គឲ្យក្រុមការងារតាមខេត្ត និងតាមតំបន់មួយៗ ជម្រុញសមាជិក សមាជិកានិងប្រជាពលរដ្ឋឲ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត។
លោកបន្តថា ចំពោះកិច្ចប្រជុំថ្ងៃទី២ (២៧សីហា) គឺប្រជុំជាមួយប្រតិបត្តិខេត្ត ដើម្បីឲ្យស្តាប់ពីរបៀបបច្ចេកទេសពីអគ្គលេខាធិការដ្ឋានគណបក្ស អំពីការបំពេញបែបបទដាក់ឈ្មោះជាអ្នកសង្កេតការណ៍នៅក្នុងឃុំរបស់ខ្លួន និងមានគោលនយោបាយខ្លះ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើគណបក្សហ្វ៊ុនស៊ិនប៉ិច៕