ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា(CPP)មិនយកចំណេញខាងផ្នែកនយោបាយ តាមរយៈការសាងសងរូបសំណាកលោក កែម ឡី ដូចទៅនឹងគណបក្សសង្គ្រោះជាតិ(CNRP)នោះទេ។
ការលើកឡើងរបស់មន្ដ្រីនាំពាក្យរូបនេះ គឺជាការឆ្លើយតបទៅនឹង ព្រះតេជព្រះគុណប៊ុត ប៊ុនតិញសមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានមានថេរដីកាក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជារៀបចំសាងសង់រូបសំណាកលោកបណ្ឌិតកែម ឡី ពិតជាប្រសើរ បើគិតថា ទាញចំណេញខាងនយោបាយ។
លោក សុខ ឥសាន បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ថា “...ខ្ញុំយល់ថាគណបក្សប្រជាជនមិនឆ្លៀតយកចំណេញខាងនយោបាយតាមបែបនេះទេ ...គណបក្សប្រជាជនយកស្នាដៃ យកគុណសម្បត្តិ យកការកសាងវត្ថុអ្វីៗទាំងអស់ដែលជាផលប្រយោជន៍សម្រាប់ប្រជាជននិងជាតិ មិនយកបុគ្គលម្នាក់មកធ្វើជាផលប្រយោជន៍នយោបាយរបស់ខ្លួននោះទេ...”។
លោកបន្តថា “...ការឲ្យតម្លៃបុគ្គលម្នាក់ជាវីរៈបុរសរបស់ជាតិ ទាល់តែមានការវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ... បើយកល្អត្រូវអនុម័តរដ្ឋសភាជាតិទើបជាការគួរ ព្រោះវីរបុរសជាតិមិនមែនជារឿងធម្មតានោះទេ ហើយការយកសំដី របស់អ្នកនយោបាយ គឺមិនអាចយកជាបានការ ព្រោះគ្រាន់តែជាទស្សនៈរបស់បុគ្គល ឬជនមួយក្រុមក្តាប់តូចប៉ុណ្ណោះ...”។
មន្ដ្រីនាំពាក្យរូបនេះបានបន្ថែមថា ជាក់ស្តែងដូចករណីលោក កែម ឡី ក៏មានអ្នកខ្លះវាយតម្លៃល្អ និងអាក្រក់ដែរ ដូច្នេះលោកកែម ឡី មិនទាន់អាចវាយតម្លៃថាជាវីរបុរសជាតិបាននៅឡើយទេ៕