ត្បូងឃ្មុំ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា ១១ខែ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១១ខែ ឆ្នាំ២០១៦ បូកសរុបទូទាំងប្រទេស គិតទាំងចំនួនគ្រោះថ្នាក់ គិតទាំងចំនួនស្លាប់ គិតទាំងចំនួនរបួស បើប្រៀបធៀប ១១ខែមុន ១១ខែនេះល្អប្រសើរជាងច្រើនណាស់ ព្រោះ១១ខែនេះ គឺ១១ខែស្ថិតក្នុងរាជរដ្ឋាភិបាល ដែលប្រកាសថា ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលដែលយើងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺផលរបស់វាបានមកដោយជោគជ័យ ផលវាបានមកគឺល្អណាស់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍បញ្ជាក់ថា ១១ខែ ឆ្នាំ២០១៦នេះ ពេលដែលយើងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពេលដែលយើងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គ្រាន់តែថយរឿងហេតុ បើប្រៀបធៀបឆ្នាំ២០១៥ ថយរឿងហេតុជិត ៦០០រឿងគ្រោះថ្នាក់នេះដែលថយ ចំនួនគ្រោះអ្នកស្លាប់លេខមូលយើងតិចជាងសន្សំសំចៃបានអ្នកស្លាប់ជិត ៤០០នាក់ បើប្រៀបធៀប ១១ខែ អ្នករបួសជិត ៦០០នាក់ ដែលតិចជាតិប្រើប្រៀបធៀបកាលមុន អញ្ចឹងចំនួនរឿង គឺ៥០០ អ្នកស្លាប់ជិត ៤០០ អ្នករបួសជិត ៦០០ នេះថយជាងឆ្នាំ២០១៥។ មូលហេតុនៃការថយ ដោយសារ ១១ខែ ឆ្នាំ២០១៦នេះ យើងរឹតបន្តឹងច្បាប់រចរាចរណ៍ផ្លូវគោក។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានអំពាវនាវឲ្យគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ សូមចលនាបន្ថែមទៀត កុំបន្ថូរដៃរឹងបន្តឹងថែមទៀត កាលណាយើងរឹតបន្តឹងផលវាបានមកយើង វាថយចំនួនរឿង ថយអ្នកស្លាប់ ថយអ្នករបួស នេះជោគជ័យរបស់យើង នេះបានន័យថាយើងរួមចំណែកការពារអាយុជីវិត ទ្រព្យសម្បត្តិ រូបរាងកាយរបស់ប្រជាពលរដ្ឋយើង នេះសំខាន់ណាស់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍បន្តថា ទិសដៅដែលត្រូវធ្វើបន្តអនុវត្តពីថ្ងៃនេះទៅមុខមានពីរ គឺការពារការបោះឆ្នោត និងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ៥លានរៀល អាវពន្លឺចរាចរណ៍ ៥០អាវ, អាវអន្តរាគមន៍ ៥០អាវ, ដំបងបញ្ជាចរចរណ៍ ១០០ដំបង ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ឧបត្ថម្ភថវិកា ២លានរៀល ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងឧបត្ថម្ភថវិកា ២លានរៀល ដល់បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ ផងដែរ ៕