ការជ្រើសរើស​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​នីមួយៗ ត្រូវតែ​រើស​ចេញពី​មូលដ្ឋាន​ពួកគាត់​រស់នៅ​

06-December-2016 | ដោយ ពល បញ្ញា


(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការជ្រើសរើស​មន្ដ្រី​ប៉ុស្ដិ៍នគរបាល​​នីមួយៗ គឺ​ត្រូវតែ​រើស​ចេញពី​មូលដ្ឋាន​ដែល​ពួកគាត់​រស់នៅ ព្រោះថា ពួកគាត់​ដឹង​សុខទុក្ខ​របស់​ពលរដ្ឋ​ច្រើនជាង​អ្នក​នៅ​ខាងក្រៅ និង​ម្យ៉ាងទៀត ជៀសវាង​ការផ្ទេរ​ចុះឡើង​។​


​ការបញ្ជាក់​បែបនេះ របស់​សម្ដេច​ក្រឡាហោម ត្រូវបាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ ក្នុង​សន្និបាត​ប៉ុស្ដិ៍នគរបាល​ទូទាំងប្រទេស លើក​ទី​១ និង​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​
សម្ដេច​ក្រឡាហោម ស ខេង ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការជ្រើសរើស​មន្ដ្រីនគរបាល​ប៉ុស្ដិ៍ លក្ខខណ្ឌ​ចាំបាច់​មួយ​ដែល​ត្រូវគោរព​ឲ្យ​បាន គឺ​ត្រូវតែ​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ នៅ​កន្លែង​នោះ ពីព្រោះ​ប្រសិនបើ​ឲ្យ​អ្នក​នៅ​ភ្នំពេញ ទៅធ្វើ​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​នៅ​កន្លែង​ណាមួយ​នោះ គាត់​ប្រាកដជា​មិន​ទៅ​នោះទេ ហើយ​ប្រសិនបើ​ទៅ​មិនយូរ​នោះទេ នឹង​ប្ដូរ​ចេញ​មកវិញហើយ​»​។​
​សម្ដេច ស ខេង បន្ថែមថា «​ប្រសិនបើ​ជ្រើសរើស​ចេញពី​កូន​របស់​ប្រជាពលរដ្ឋ ពួកគាត់​ប្រាកដជា​ធ្វើការ​នៅ​ទីនោះ​ហើយ គាត់​មិន​ប្ដូរ​ចេញ​នោះទេ មួយវិញទៀត​គឺ​គាត់​ដឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ច្រើនជាង​អ្នក​ទៅ​ពី​ក្រៅ​»​។​
សម្ដេច​ក្រឡាហោម បាន​សង្កត់ធ្ងន់​ដែរ​ថា ប្រសិនបើ​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ណា ធ្វើការ​ទៅ​មានការ​ប៉ះពាល់​ជាមួយ​ពលរដ្ឋ នៅ​ឃុំ​ដែល​ខ្លួន​កំពុងធ្វើការ​នោះ ថ្នាក់លើ​ត្រូវតែ​ប្ដូរ​ចេញពី​ឃុំ​ដែល​កំពុងធ្វើការ​នោះ ទៅ​ឃុំ​មួយ​ផ្សេងទៀត ដែល​នៅក្បែរនោះ​។ ដោយឡែក​មន្ដ្រីនគរបាល​ស្រុក ខេត្ត ក៏​គួរតែ​ជ្រើស​ចេញពី​មូលដ្ឋាន ដូចគ្នា​ដែរ តែ​ប្រសិនបើ​មិនមាន​អ្នក​ចូល​ប្រឡង​នោះទេ ត្រូវ​រើស​ចេញពី​ពលរដ្ឋ​ដែលមាន​ស្រុក ឬ​ខេត្ត​ដែល​នៅក្បែរនោះ​៕

ចំនួនអ្នកទស្សនា

    19561867

  • ថ្ងៃនេះ1291
  • ម្សិលមិញ3741
  • សប្តាហ៍នេះ5041
  • ខែនេះ79481
  • ឆ្នាំនេះ334421
  • សរុប19561867