អង់គ្លេស៖ នៅទីក្រុងឡុង នៃចក្រភពអង់គ្លេស នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការនគរបាលជាតិកម្ពុជា ជួបពិភាក្សាការងារ និងចុះអនុស្សរណៈយោគយល់គ្នាជាមួយ ឯកឧត្តម Steve Reynolds អនុប្រធានទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA)។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្វែងយល់ពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋពាក់ព័ន្ធទៅនិងការជួញដូរផ្លូវភេទ អាណាចារលើកុមារ បទល្មើសបច្ចេកវិទ្យា និងបទឧក្រិដ្ឋផ្សេងៗទៀត។ ក្នុងនោះផងដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការទៅលើការងារផ្លាស់ប្តូរព័ត៌មាន ការងារបណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរប្រតិភូទៅវិញទៅមកផងដែរ។ ក្រោយពីជំនួបនេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈលើការយោគយល់ទៅលើអនុស្សរណៈដែលបានចុះរួមគ្នាកាលពីឆ្នាំ២០១៤ ដែលពេលនេះត្រូវធ្វើបច្ចុប្បន្នភាពផ្លាស់ប្តូរនូវខ្លឹមសារមួយចំនួន។
បន្ទាប់ពីជំនួបនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Will Kerr ប្រធានស្ថាប័នប្រឆាំងការកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត (CEOP) ដើម្បីផ្លាស់ប្តូរបទសោធន៍ទៅការងារអនុវត្តមួយចំនួនក្នុងការបង្ការទប់ស្កាត់បទល្មើសពាក់ព័ន្ធប្រឆាំងការជួញដូរមនុស្សតាមប្រព័ន្ធអ៊ីនធឺណេត។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឲ្យប្រធានស្ថាប័ន CEOP ជួយបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា លើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ។
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់របស់កូនស្រី នៅសាកលវិទ្យាល័យ City University of London ផងដែរ ៕