ស្រុកចំការលើ ៖ ឯកឧត្តម ហ៊ុនម៉ានិតនាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា៖ មិនមានបរទេសណាដែលគេស្រលាញ់ខ្មែរយើងជាងប្រជាជនខ្មែរនោះទេ ហេតុនេះបងប្អូនប្រជាជនកម្ពុជានៅទូទាំងប្រទេសបន្តររក្សាសាមគ្គីភាពឲ្យបានកាន់តែរឹងមាំឡើងបន្ថែមទៀតនិងត្រូវចេះស្រលាញ់ជួយយកអាសារគ្នាទៅវិញទៅមក នៅពេលឃើញពលរដ្ឋរបស់ខ្លួនជួបគ្រោះថ្នាក់ ឬត្រូវការជំនួយពីយើង ។
ការថ្លែងបែបនេះក្នុងពេលដែល ឯកឧត្តម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាន់អង្គ កាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាសសាលាវិប្បសនាថ្មីមួយខ្នងរួមនឹងសមិទ្ធផលនានាក្នុងវត្តសីលារាម ភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី១១ មេសា ឆ្នាំ២០១៧ ។
ក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម បានថ្លែងទៀតផងដែរថា៖ «មានសន្តិភាព គឺមានការអភិវឌ្ឍ» នៅបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងនៅតំបន់មជ្ឈឹមបូពា៍ដែលកំពុងតែមានសង្គ្រាមរ៉ាំរ៉ៃមិនទាន់រកសន្តិភាពបាននៅឡើយ មូលហេតុគឺបណ្តាល់មកពីមានមហាអំណាចលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបង្កើតឲ្យមានការរើសអើងពូជសាសន៍ រើសអើងបំបិទសិទ្ធសេរីភាពក្នុងជំនឿសាសនា និងការចង់ធ្វើបដិវត្តន៍ផ្លាស់ប្តូរបប់គ្រប់គ្រងប្រទេសដោយលង់តាមការញុះញង់របស់ប្រទេសមហាអំណាចមួយចំនួន។ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក៏ដូចជាឥសរជនស្នេហាជាតិជាច្រើនទៀតបានខិតខំប្រឹកប្រែងកសាងជាតិចេញពីបាតដៃទទេ។
កម្ពុជាមុនឆ្នាំ១៩៩៨ ប្រមុខដឹកនាំប្រទេសដៃម្ខាងកសាងជាតិដៃម្ខាងទៀតចរចារបង្រួបបង្រួមទប់ស្កាត់កុំឲ្យវិលវិញនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងរហូតស្វែងរកសុខសន្តិភាពបានយ៉ាងជោគជ័យនៅទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨ និងបន្តរស្តារឡើងវិញ កសាងជាបន្តរបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីពេទ្យ សាលារៀននិងជាពិសេសគឺខិតខំប្រឹងប្រែងកសាងបណ្តុះថ្នាលធនធានមនុស្សឲ្យបានច្រើនដើម្បីឆ្លើយតប់ទៅនឹងតម្រូវការក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។
ជាចុងបញ្ចប់ ឯកឧត្តម បានថ្លែងកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ គណកម្មការអាជ្ញារធរមូលដ្ឋានជាពិសេសបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានរួបរួមសាមគ្គីកសាងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តសីលារាមទាំងមូលធ្វើឲ្យវត្តមានការអភិវឌ្ឍដូចសព្វថ្ងៃ ហើយបានផ្តាំផ្ញើរដល់ប្អូនៗយុវជន យុវនារី សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាធនធានដ៏មានតំលៃសម្រាប់បន្តររក្សា និងកសាងប្រទេសជាតិបន្តរវេនពីបុព្វបុរសយើងឲ្យបានរឹងមាំ និងមានការអភិវឌ្ឍនបន្ថែមទៀត។