ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជាបានថ្លេងថា៖កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានរលាយចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ។
ការថ្លេងបែបនេះនៅពេល សម្តេចតេជោ ហ៊ុន សែនអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា កងទ័ពរបស់អង្គការសហប្រជាជាតិ ដែលចាយលុយអស់ ២ពាន់លានដុល្លារ មិនអាចសម្រេចបំណងកិច្ចព្រមព្រៀងក្រុង ប៉ារីស ដោយបញ្ចប់កម្លាំងប្រដាប់អាវុធនៅតាមព្រៃបាននោះទេ ហើយក៏ចាកចេញពីកម្ពុជាទៅ។តែទីបំផុតគឺការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេច ដោយធានាឲ្យបងប្អូនខ្មែរក្រហមរក្សាបាននូវអត្ថប្រយោជន៍ និងការធានាចំនួន៣យ៉ាងរួមមាន៖
១៖ ការធានាបាននូវសុវត្ថិភាពគ្រប់យ៉ាងសម្រាប់ពួកគេ, ២៖ ធានាអាជីព និងមុខរបរ ដោយផ្តល់ទុកឲ្យនូវអ្វីដែលធ្លាប់ធ្វើឲ្យនៅដដែ និងទី៣៖ ទទួលស្គាល់កម្មសិទ្ធិទាំងចលនទ្រព្យ និងអចលនាទ្រព្យ ដែលនាំឲ្យកងទ័ពខ្មែរក្រហមចុះចូលទាំងអស់។សម្តេចតេជោ ថ្លែងថា នយោបាយឈ្នះឈ្នះរបស់សម្តេច គឺជាការបង្គ្រប់ឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងទៀតថា ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដែលធ្វើឲ្យខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះនេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងឲ្យកម្ពុជា បានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ។