រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឱ្យបណ្តារោងចក្រ សហគ្រាសទាំងអស់ ត្រូវបង្កើតគិលានដ្ឋាន (មន្ទីរពេទ្យប្រចាំរោងចក្រ) ដើម្បីជួយសម្រួលដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលកំពុងបំពេញការងារ ។
ការថ្លែងបែបនេះនៅពេល សម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលសូរសុខទុក្ខជាមួយកម្មករ-កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ ផ្សេងៗគ្នា នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវនៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ។
សម្តេចតេជោហ៊ុនសែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករកម្មការិនីនេះដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចតេជោ ក៏បានអំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ត្រូវប្រញាប់មកចុះបញ្ជីនៅ ប.ស.ស ដើម្បីឲ្យកម្មករ កម្មារិនី ទទួលបានការធានារ៉ាប់រង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗផងដែរ។