ភ្នំពេញ៖ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក និង ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ ជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានប្រកាសសុពលភាពជាតំណាងរាស្ត្រថ្មី ក្នុងចំណោម ១៦រូប ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដោយមានសមាជិកចាស់ និងថ្មីរបស់រដ្ឋសភា ១០២ រូបចូលរួមក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវេលាម៉ោងជិត៩៖០០នាទី នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ៕
តំណាងរាស្ត្រថ្មី១៦រូប ដែលត្រូវប្រកាសសុពលភាពនេះរួមមាន ១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយគ.ជ.ប, ៤រូប មកពី CPP ដូចគ្នា ដែលជំនួសសមាជិកសភា៤រូបរបស់CPPដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានគ.ជ.ប៕
សម្រាប់អនុប្រធាន និងសមាជិក គ.ជ.ប ថ្មី ដែលត្រូវជំនួសតំណែង អនុប្រធាន និងសមាជិក គ.ជ.ប ៣រូប ដែលបានលាលែងពីតំណែង។ លោក នុត សុខុម ត្រូវបានរដ្ឋសភាបោះឆ្នោតឱ្យធ្វើជា អនុប្រធានគ.ជ.ប ចំណែកលោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ បានជាប់ជាសមាជិកគ.ជ.ប។
គូសបញ្ជាក់ផងដែរថា៖ តំណាងរាស្ត្រថ្មី១៦រូបដែលបានប្រកាសសុពលភាពនៅព្រឹកនេះ នឹងចូលស្បថហើយ កាន់តំណែងនៅរដ្ឋសភា ក្នុង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះតែម្តង៕