ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវា តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងត្រូវចៀសឲ្យបានការផ្ដល់សេវាដោយប្រកាន់និន្នាការនយោបាយ បក្សពួក និងអំពើពុករលួយ។
ការថ្លែងបែបនេះនាពេល សម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។
សម្រាប់ផែនការឆ្នាំ២០១៩ អង្គសន្និបាតបានផ្ដោតលើប្រធានបទ៤ រួមមានវិធានការជំរុញការអនុវត្តច្បាប់ចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ការធ្វើប្រទានកម្មដីធ្លីជូនពលរដ្ឋ និងវិធានការទប់ស្កាត់ការប្រើអក្សរបរទេសលើអក្សរខ្មែរ ឬអក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធិបញ្ញាលើផ្ទាំងផ្សព្វផ្សាយផ្សេងៗ ៕ ដោយ កង ពុទ្ធិវិរៈ