ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម បានធ្វើសកម្មភាពលួចកាច់កម៉ូតូប្រជាពលរដ្ឋមិនបានសម្រេច ព្រោះជនរងគ្រោះម្ចាស់ម៉ូតូបានឃើញទាន់ហើយស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនគរបាលចរាចរណ៍គោលដៅភ្លើងស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី ក្របួចជាប់រួចប្រគល់ឲ្យកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:២០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហ្វឿង ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមាន ទួណឺវីស ចំនួន១ សោខ្សៀចំនួន១ ជាឧបករណ៍ធ្វើសកម្មភាព និងម៉ូតូលួចទៅមួយគ្រឿងមានម៉ាកវ៉េវ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AI-2231 ជារបស់ឈ្មោះ ប៉ោត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងដែក ស្នាក់ផ្ទះក្បែរកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕