កណ្តាល: រថយន្តធន់ធំ ២គ្រឿង បានបុកគ្នាបណ្តាលអោយមួយគ្រឿងក្រឡាប់ជាច្រើនជុំធ្លាក់ចេញពីផ្លូវ រងការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល រីឯរថយន្តមួយគ្រឿងទៀតជាប្រភេទរថយន្តដឹកស៊ីម៉ង់ត៍ខូចខាតជាមធ្យម ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
របាយការណ៍របស់នគរបាលចរាចណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1529 ជាប្រភេទរថយន្តដឹកទំនិញ របស់ក្រុមហ៊ុនSK បើកបរដោយឈ្មោះ អឹម ណាម ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងលក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកឯរថយន្តបែនដឹកដីម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលខភ្នំពេញ 3B-0507 បើករដោយឈ្មោះ ទន់ ឈៀង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុរថយន្តដឹកស៊ីម៉ង់ត៍បើកក្នុងទិសដៅពីលិចទៅកើតដោយឈប់ចតទម្លាក់ទំនិញនៅឃ្លាំងលក់គ្រឿងសំណង់១កន្លែង ។ ពេលដាក់ស៊ីម៉ង់ត៍អស់អ្នកបើកបរបានបត់រថយន្តត្រឡប់ក្រោយវិញក្នុងគោលដៅទៅភ្នំពេញ គ្រានោះរថយន្តបែនដឹកដីបើកមកពីក្រោយជាន់ហ្វ្រាំងមិនជាប់ក៏បុករថយន្តដឹកស៊ីម៉ង់ត៍ចំហៀងខាងស្តាំបណ្តាលអោយរថយន្តដឹកដីក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិរងការខូចខាតធ្ងន់ធ្ងរ ដោយឡែកអ្នកបើកបររងរបួសស្រាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានបញ្ជាក់ថា តាមការពិនិត្យនៅកន្លែងកើតហេតុនិងតាមសាក្សីបំភ្លឺ គឺរថយន្តដឹកស៊ីម៉ង់ត៍បត់ទទឹងផ្លូវមិនប្រយ័ត្ន ធ្វើអោយរថយន្តដឹកដីដែលបើកក្នុងផ្លូវត្រង់ជាន់ហ្វ្រាំងមិនជាប់ក៍ទៅបុកហើយក្រឡាប់តែម្តង ។ ករណីនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ ហើយរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមច្បាប់ ៕