កាលពីវេលាម៉ោង១៤និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅត្រង់ចំណុចខាងលិចបុរីកីឡា តាមបណ្តោយផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយស្រីស្រស់ក្មេងម្នាក់ចាក់ទឹកអាស៊ីដស្រោចទៅលើតួប្រុសជាគូសង្សាររបស់ខ្លួន ពេលកំពុងជិះទោចក្រយានយន្តឌុបគ្នាដើរលេង បណ្តាលឲ្យទឹកអាស៊ីដខ្ទាតរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ខណៈតួស្រីចោទប្រកាន់តួប្រុសថា យឺតយ៉ាវក្នុងការចូលស្តីដណ្តឹងនាងរៀបការ រីឯអាណាព្យាបាលរបស់តួប្រុសចោទប្រកាន់ថា ខាងស្រីមានមារយាទមិនល្អ យកសម្រស់ធ្វើជាធ្នាក់ទាក់ប្រុសៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញសង្សារវ័យក្មេងមួយគូជានិស្សិតសិក្សាជាមួយគ្នា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជិះម៉ូតូឌុបគ្នាដើរលេងតាមបណ្តោយផ្លូវលេខ២១១ ឋិតក្នុងចំណុចខាងលិចបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយតួប្រុសមានឈ្មោះ កេង សុជាតា អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងតួស្រីឈ្មោះ ចិន លីគីម ហៅ អាម៉ី អាយុ២១ឆ្នាំ មានទីលំនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មកដល់ចំណុចកើតហេតុ ស្រាប់តែ នារីជាសង្សារបានទាញដបទឹកអាស៊ីដពីក្នុងកាបូបស្ពាយ ចាក់ស្រោចទៅលើក្បាលបុរសជាសង្សារ បណ្តាលឲ្យតួប្រុសក្តៅក្រហល់ក្រហាយ គ្រវីក្បាល ខ្ទាតទឹកអាស៊ីដត្រូវភ្នែក និងថ្ពាល់ខាងស្តាំតួស្រី ពោលគឺរងរបួសធ្ងន់ធ្ងរទាំងពីរនាក់តែម្តង ។
យោងតាមចម្លើយបំភ្លឺរបស់លោក សុខ សារិន អាយុ៤៥ឆ្នាំ អះអាងថា ជាឪពុកមាបង្កើតរបស់យុវជនរងគ្រោះដោយទឹកអាស៊ីដរបស់គូសង្សារនោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ នារីបង្កបានទូរស័ព្ទហៅយុវជនរងគ្រោះជាក្មួយប្រុសរបស់គាត់ឲ្យទៅឌុបនាងដើរលេង ខណៈរយៈពេលប្រមាណមួយសប្តាហ៍មុន អ្នកទាំងពីរធ្លាប់មានទំនាស់នឹងគ្នា ដោយសារយុវជនរងគ្រោះរងការគំរាមកំហែងពីនារីបង្ក ឲ្យនាំក្រុមគ្រួសារចូលស្តីដណ្តឹងនាងឲ្យបានឆាប់រហ័ស ។ ប៉ុន្តែត្រូវឪពុក-ម្តាយយុវជនរងគ្រោះស៊ើបដឹងថា នារីបង្កមានប្រវត្តិមិនល្អ និងមិនច្បាស់លាស់ ព្រមទាំងធ្លាប់ប្រព្រឹត្តអំពើអបាយមុខសេពគ្រឿងញៀន ហើយសមត្ថកិច្ចចាប់ខ្លួនបានម្តងទៀតផង ។ ដូច្នេះ លោក សុខ សារិន បានសន្និដ្ឋានថា ហេតុការណ៍នេះអាចកើតឡើងដោយសារ នាង ចិន លីគីម ហៅ អាម៉ី ប្រើប្រាស់សម្រស់ធ្វើជាធ្លាក់ទាក់បុរសបោកយកលុយ ច្រើនជាងករណីស្នេហាត្រីកោណ ដ្បិតពេលនាងចូលសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ បែរជាប្រញាប់ប្រញាល់ចាកចេញពីមន្ទីរពេទ្យ មិនរង់ចាំឲ្យសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុឡើយ ។
គេមិនទាន់បានដឹងថា តើអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅស្វែងរកចាប់ខ្លួននារីបង្កដែរឬយ៉ាងណានោះទេ ខណៈនារីបង្កតែងព្យាយាមមិនផ្តល់សាវតាក្រុមគ្រួសារឲ្យបានច្បាស់លាស់ទាល់តែសោះ ៕