កណ្ដាល៖ យុវជន ២នាក់ ត្រូវនគរបាលស្រុកស្អាង បានចាប់ឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង២២:៣០នាទី នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនតាមដងផ្លូវលេខ២១បេ ប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា ២នាក់ កម្លាំងនគរបាលបានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ តែអ្នកទាំងពីរនាក់មិនព្រមឈប់ ហើយព្យាយាមជិះគេចពីសមត្ថកិច្ច ក៏បានទម្លាក់ថ្នាំញៀនចោលនៅលើផ្លូវ ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ១កញ្ចប់តូច ។
តាមចម្លើយសារភាពពីជនសង្ស័យទាំងពីរនាក់ថា ពួកខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួនពីរកញ្ចប់ ពីវាលខ្សាច់ នៅចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុងតម្លៃ៤០០០០រៀល ហើយបានទម្លាក់ចោលលើផ្លូវពេលបានឃើញសមត្ថកិច្ចនគរបាល ។
សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនមាន ១- ឈ្មោះ ម៉ែន វ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងត្រាច ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ២- ឈ្មោះ មាន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកវត្ថុតាងចាប់យក ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) និងម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ.CG.3362។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕