ប្រភពព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចហាងដាក់បញ្ចាំមួយកន្លែង ឋិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបុរសឈ្មោះ គុណ ប៊ុនថា មានប្រពន្ធឈ្មោះ ឯម រ៉ានី បានប្តឹងលោកមេធាវី ជា ហៃ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៦២០ និងត្រូវជាកូនប្រសារបស់ឯកឧត្តម គង់ ស្រ៊ីម អនុប្រធានតុលាការកំពូលផង ចោទប្រកាន់ពីបទ លួចសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយត្រូវសមត្ថកិច្ចនាំយកទៅសាកសួរបំភ្លឺភ្លាមៗដែរ ប៉ុន្តែត្រូវលោកមេធាវី ជា ហៃ ឆ្លើយដោះសារបដិសេធថា ជាការចោទប្រកាន់ខុសពីការពិតទាំងស្រុង ។
លោក គុណ ប៊ុនថា បានអះអាងប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់ខ្លួនឈ្មោះ ឯម រ៉ានី បានចូលហ៊ុនរកស៊ីជាមួយគ្នានឹងលោកមេធាវី ជា ហៃ បើកហាងដាក់បញ្ចាំ ហើយអ្នកទាំងពីរលបលួចលាក់មានទំនាក់ទំនងស្នេហាត្រីកោណជាមួយគ្នា រហូតដល់ថ្ងៃកើតហេតុខ្លួនបានប្រទះឃើញទាន់ ពួកគេប្រព្រឹត្តអំពើមិនសមរម្យជាក់ស្តែង ទើបខ្លួនបានប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗតែម្តងទៅ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោកមេធាវី ជា ហៃ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះថា លោកមិនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីឈ្មោះ ឯម រ៉ានី នោះទេ គឺលោកគ្រាន់តែបំពេញតួនាទីធ្វើជាមេធាវីការពារឲ្យស្ត្រីរូបនេះ ក្នុងមុខរបររកស៊ីបើកហាងទទួលដាក់បញ្ចាំប៉ុណ្ណោះ ។
ដោយឡែក ស្ត្រីឈ្មោះ ឯម រ៉ានី បានអះអាងប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងដែរថា ខ្លួនបានដាក់ទុនរកស៊ីបើកហាងបញ្ចាំជាមួយលោកមេធាវី ជា ហៃ កាលពីពាក់កណ្តាលឆ្នាំ២០១៤កន្លងទៅ ដោយភរិយារបស់លោកមេធាវី ជា ហៃ ក៏បានដឹងឮផងដែរ ពោលគឺមិនមានទំនាក់ទំនងសេ្នហាត្រីកោណជាមួយលោកមេធាវី ជា ហៃ ដូចការចោទប្រកាន់របស់ប្តីខ្លួនឡើយ ។
មជ្ឈដ្ឋានអ្នកធ្លាប់ស្គាល់លោកមេធាវី ជា ហៃ អាយុ៣៦ឆ្នាំ ដែលជាមេធាវីមុខស្រស់ និងសម្តីផ្អែមផងនោះ រំពឹងទុកថា លោកមេធាវី ជា ហៃ នឹងមិនប្រព្រឹត្តដូចការចោទប្រកាន់របស់បុរសឈ្មោះ គុណ ប៊ុនថា នោះទេ ដ្បិតលោកមេធាវី ជា ហៃ ត្រូវបានគេទទួលស្គាល់ថា ជាមេធាវីមានអត្តចរិតសុភាពរាបសា និងប្រកាន់វិជ្ជាជីវៈមេធាវីប្រកបដោយក្រមសីលធម៌ច្បាស់លាស់ ៕