តុលាការសម្រេចឃុំខ្លួនក្រុមចោរ៥នាក់ដែលប្រព្រឹត្តបទល្មើសលួច ប្លន់យ៉ាងសកម្ម

22-October-2015 | ដោយ ពល រាជសី

កំពង់ចាម ៖ ក្រុមចោរដែលធ្លាប់ប្រព្រឹត្តបទល្មើសលួច ប្លន់យ៉ាងសកម្មនៅតាមបណ្តាខេត្តមួយចំនួន ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកចំការលើ បង្រ្កាបបានកាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០១៥កន្លងមកនោះ ត្រូវបានតុលាការចេញដីកាឃុំខ្លួនហើយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥។

សូមរំឮកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង២០:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុសខ្នុរ បានបើកកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើផ្លូវជាតិលេខ៧១ ចំណុចភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម រហូតដល់ម៉ោង២១:៤៥នាទី ក៏ប្រទះឃើញជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូ ១គ្រឿង។ ក្រោយពីបានធ្វើការត្រួតពិនិត្យ និងឆែកឆេរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ទី.១.ឈ្មោះ យ៉ែម លីឃួយ ហៅពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី២.ឈ្មោះ ឡេង ម៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី៣.ឈ្មោះ សេង សម្ផស្ស ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី៤.ឈ្មោះ ធាម ចាន់ថា ហៅ ធឹក ហៅធឹង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងធ្វើការដកហូតបានគ្រាប់បែកច្នៃចំនួន ២គ្រាប់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន ៨១០១១៦៩ ស៊េរីឆ្នាំ២០០៥ ឡើងតែមឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ ១K.៤៦២៧ ,ឧបករណ៍សំរាប់កាច់សោកម៉ូតូ ចំនួន១ ,កូនសោលេខ៨ ចំនួន១ ,កូនសោលេខ១២ ចំនួន១ ,អត្តសញ្ញាណប័ណ្ណឈ្មោះ គង់ ជិន ចំនួន១សន្លឹក ,ប័ណ្ណសម្គាល់ម៉ូតូចំនួន១ ,ឧបករណ៍ឆក់ចំនួន១ ,ថ្មទូរស័ព្ទចំនួន២ ,ដែកកេសចំនួន២ ,ក្រឡម្សៅចំនួន១ និងកូនសោម៉ូតូចំនួន១ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីធ្វើការសាកសួរ។ ក្រោយពីបានចម្លើយចង្អុលបង្ហាញពីឈ្មោះ ធាម ចាន់ថា ហៅ ធឹក ហៅធឹង សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ពេជ្រ ធួន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៤:៤០នាទី ពីបទទទួលផលចោរកម្ម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកវេវអេស ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅទឹកប្រាក់ លេខតួ ៥៦១២៦៣ និងលេខម៉ាស៊ីន ៤០៧៦៨៣១ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តហើយ។

សូមបញ្ចាក់ថា ក្រុមនេះគឺជាក្រុមចោរសកម្មដែលតែងតែធ្វើសមក្មភាពនៅតាមបណ្តាខេត្តមួយចំនួនដូចជា ព្រះសីហនុ កំពត តាកែវ កំពង់ស្ពឺ៘ ដែលបណ្តាខេត្តទាំងនោះមានសំណុំរឿងពាក់ព័ន្ធនិងអំពើលួចប្លន់ដែលបក្ខពួកក្រុមនេះមួយចំនួនត្រូវនគរបាលចាប់ខ្លួនបាន ហើយមុខសញ្ញាសេសសល់នេះបម្រុងមកធ្វើសកម្មភាពនៅខេត្តកំពង់ចាមទៀត ក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានទាន់ពេលវេលា ៕

ចំនួនអ្នកទស្សនា

    19585087

  • ថ្ងៃនេះ1311
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1311
  • ខែនេះ21381
  • ឆ្នាំនេះ357641
  • សរុប19585087