ភ្នំពេញ៖ នៅវេលាម៉ោងជាង ១២៖៣០នាទីថ្ងៃត្រង់ទី២៦ ខែតុលា ឆ្នាំ២០១៥នេះ តំណាងរាស្ត្រ ២រូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក គង់ សុភា និង លោក ញ៉យ ចំរើន ត្រូវបានក្រុមបាតុករវាយតប់ឲ្យរងរបួស។ ដោយលោក គង់ សុភា ជិះរថយន្តស្លាកលេខ ១១៤ ត្រូវវាយចំផ្ទៃមុខ និងលោក ញ៉យ ចំរើន ជិះរថយន្តស្លាកលេខ ០៣៨ សន្លប់គ្រាចូលក្នុងរដ្ឋសភាវិញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅរាជធានីភ្នំពេញជាង ៥ពាន់នាក់ បាននាំគ្នាតវ៉ា និងស្នើសុំឲ្យសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ ដកលោក កឹម សុខា ចេញពីមុខតំណែងជាអនុប្រធានទី១ នៃរដ្ឋសភា ដោយសារ លោក កឹម សុខា បានធ្វើសកម្មភាពឃោសនា បោកប្រាស់ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមានកំហឹងពូជសាសន៍ និងអាចឈានបង្កឲ្យមានការសង្គ្រាម កើតមានក្នុងផ្ទៃប្រទេស នេះបើយោងតាមញត្តិរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ។
នៅក្នុងញត្តិស្នើសុំរបស់ ប្រជាពលរដ្ឋបានស្នើសុំថា៖ «យើងខ្ញុំទាំងអស់គ្នា គោរពស្នើសុំដោយទទូចដល់ សម្តេច ប្រធានរដ្ឋសភា និងអ្នកតំណាងរាស្ត្រទាំងអស់មេត្តាដក ឯកឧត្តម កឹម សុខា ចេញពីមុខតំណែងជាអនុប្រធានរដ្ឋសភា ឲ្យបានឆាប់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានអារម្មណ៍ រស់នៅក្នុងភាពសុខដុមរមនា និងប្រកបមុខរបររស់នៅប្រចាំថ្ងៃ បានជាប្រក្រតី»។
បន្ទាប់ពីក្រុមបាតុករបាននាំគ្នា ប្រកាសស្រែកទាមទារតវ៉ាឲ្យរដ្ឋសភាដកតំណែង លោក កឹម សុខា អនុប្រធានរដ្ឋសភា នៅខាងមុខ វិមានរដ្ឋសភានាព្រឹកមិញ, នៅវេលាថ្ងៃត្រង់នេះក្រុមបាតុករប្រមាណ ៦០០-៧០០នាក់ បាននាំគ្នាហែក្បួនទៅដល់មុខផ្ទះលោក កឹម សុខា ដែលស្ថិតនៅផ្លូវលេខ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក៕