កំពត៖ ជនសង្ស័យជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាប្រពន្ធរបស់អនុប្រធានពន្ធនាគារ ខេត្តកំពតម្នាក់ ត្រូវបានកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សហការ និង កម្លាំងនគរបាលក្រុងកំពត ចុះបង្ក្រាប និងឃាត់ខ្លួនបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិដូនតោក សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់ថា ជនសង្ស័យឈ្មោះ គឹម សុម៉ាលី ហៅស៊ីម អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ឥវ៉ាន់ចាប់ ហួយនៅនឹងផ្ទះផ្ទាល់ រស់នៅក្នុងភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។
ក្រោយឃាត់ខ្លួនហើយកម្លាំងនគរបាល ក៏នាំយកមកសាកសួរនៅឯស្នងការដ្ឋាននគរបាលខេត្ត លុះដល់ម៉ោង១២ថ្ងៃត្រង់ នៃថ្ងៃដដែលកម្លាំងសហការខាងលើ ដែលដឹកនាំបញ្ជានីតិវិធីផ្ទាល់ ដោយលោកខា ដែនណា
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បន្តសកម្មភាពចុះឆែកឆេរនៅផ្ទះជនសង្ស័យបន្តទៀត រហូតកម្លាំងឈានទៅរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២០កញ្ចប់តូច នៅវេលាម៉ោង១៖៤៥នាទីរសៀល ថ្ងៃដដែល ដែលជនសង្ស័យ បានផ្ទុកក្នុងកូនកាបូបតូច កៀនសសរក្រឡោងក្នុងផ្ទះរបស់ស្ត្រីជាជនសង្ស័យ។
តាមសមត្ថកិច្ច និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានឲ្យដឹងថា៖ ស្ត្រីជាជនសង្ស័យ ជាប្រពន្ធទី២ របស់លោកវរសេនីយ៍ឯក ង៉ែត សុក មានមុខងារ ជាអនុប្រធានពន្ធនាគារខេត្តកំពត បានរួមជាមួយ នឹងគ្នាជាយូរឆ្នាំមកហើយ រហូតបានកូន១ជាចំណងដៃផង។
បច្ចប្បន្នកម្លាំងនគរបាលជំនាញ បាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕