សៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមចោរលួច និងប្លន់យ៉ាងសកម្ម ៩នាក់ ដែលបានធ្វើសកម្មភាពប្លន់ក្នុងខេត្តសៀមរាប នាពេលកន្លងមក នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
នៅក្នុងសន្និសីទកាសែត លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងជាតំណាងឲ្យលោកវរសេនីយ៍ឯក ថង សាគុណ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានមានប្រសាសន៍ថា កិច្ចប្រតិបត្តិការដែលធ្វើឲ្យកម្លាំងសមត្ថកិច្ចឈានទៅដល់ការបង្ក្រាបនិងចាប់ឃាត់ខ្លួនករណីខាងលើនេះ ទទួលបានជោគជ័យនេះក៏អាស្រ័យដោយសារតែការសហការគ្នាបានយ៉ាងល្អ ជាមួយកម្លាំងនគរបាលតាមបណ្តាក្រុងស្រុកទាំង១២ ចំណុះស្នងការដ្ឋាន ។
លោកបានបន្តថា កម្លាំងការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្ត និងមានការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបផងនោះ កម្លាំងនគរបាលបានធ្វើការបែងចែកជាចែកជា ២ក្រុម ដើម្បីចុះធ្វើការត្រួតពិនិត្យការងារ រដ្ឋបាលចំហរ ។ ជាលទ្ធផល នៅថ្ងៃទី២២ -២៣ ខែតុលា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចបានរកឃើញជនសង្ស័យ ដែលពាក់ព័ន្ធ រក្សាទុក ចែកចាយ ប្រើប្រាស់សារធាតុញៀនបាន ៨ករណីមានមនុស្ស ១៥នាក់ ស្រី៤នាក់ វត្ថុតាង ចង្ក្រាន-ចម្រាញ់សារធាតុញៀន១ -ថ្នាំញៀនម្ស៉ៅមេតំហ្វេតាមីន១០កញ្ចប់ -ទូរស័ព្ទ ១០គ្រឿង -ម៉ូតូ ០២គ្រឿង និងឧបករណ៍ឆ្នៃជក់មួយចំនួន ។
ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និងបញ្ជូនជនសង្ស័យ ប្រើប្រាស់សារធាតុញៀន ទៅមជ្ឈមណ្ឌលស្តារយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេតសៀមរាប ១៦នាក់ ស្រីម្នាក់ សរុបចំនួន ២៦នាក់ ។
លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត បានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមការត្រួតពិនិត្យរដ្ឋបាលរបស់សមត្ថកិច្ចនគរបាល កម្លាំងសមត្ថកិច្ចឈានទៅដល់ការបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យ ៩នាក់ទៀតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ដែលមានឈ្មោះ ១-ឈ្មោះ ស ខន ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ គង់ សីហា ហៅតឿ ភេទប្រុស អាយុ ១៨ឆ្នាំ, ៣-ឈ្មោះ ជេស អំណត់ ហៅធំ ភេទប្រុស អាយុ ២៣ឆ្នាំ, ៤-ឈ្មោះ ឆាយ សុធាវិចិត្រ ហៅពៅ ភេទប្រុស អាយុ ១៨ឆ្នាំ, ៥-ឈ្មោះ ធឿន សុណារិទ្ធា ហៅម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ, ៦-ឈ្មោះ មឿន សុវណ្ណារ៉ា ហៅហេង លីហូរ ភេទប្រុស អាយុ ១៧ឆ្នាំ, ៧-ឈ្មោះ អ៊ុក ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ, ៨-ឈ្មោះ ស៊ុន ប៊ុនហេង ហៅតាទឹកកក ភេទប្រុស អាយុ ៣១ឆ្នាំ ។
ជនសង្ស័យទាំង ៩នាក់ខាងលើនេះជាប់ពាក់ព័ន្ធទៅនឹងបទល្មើសលួច និងប្លន់មានស្ថានទម្ងន់ទោសដែលបានប្រព្រិត្ត កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារពត៌មាន ពួកគេបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន។ វត្ថុតាងដែលបានដកហូតរួមមាន ម៉ូតូចំនួន ៤គ្រឿង និងដាវសាំមរៃចំនួន ១ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ដើម្បីមានចំណាត់ការទៅតាមនីតិវិធីច្បាប់ ៕