ត្បូងឃ្មុំ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ គឺលោក យ៉ុង រី ត្រូវក្រុមប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ រិះគន់ចំៗថា បានបើកដៃឲ្យមានការប្រព្រឹត្តបទល្មើសនេសាទនៅតាមព្រែកជីកដូងម៉ៅ។
ក្រុមប្រជាពលរដ្ឋបាននិយាយថា ដៃមងវែងៗ ដែលជាឧបករណ៍នេសាទហាមឃាត់ត្រូវគេដាក់កាត់មាត់ព្រែក និងពង្រាយប្រមាណជា១០មាត់នៅតាមបណ្ដាយព្រែកជីកដូនម៉ៅ ដោយដៃមងទាំងនោះបានចាប់យកពូជត្រីស្ទើរតែទាំងអស់។
សូមបញ្ជាក់ថា ឧបករណ៍ដៃមងនេះ ត្រូវបានគេចាត់ទុកថា ជាឧបករណ៍នេសាទខុសច្បាប់ និងត្រូវបានហាមឃាត់ប្រើប្រាស់ ទោះជារដូវបិទ ឬបើកនេសាទក៏ដោយ ព្រោះតែវាជាឧបករណ៍ ដែលចាប់យកមច្ឆជាតិស្ទើរតែទាំងអស់ មិនថាតូច ឬធំនោះទេ។
ចំពោះការបណ្ដោយឲ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងព្រែកជីកដូនម៉ៅនេះ ត្រូវបានប្រភពឈ្មួញម្នាក់បង្ហើបថា ពួកគេក៏បានបង់ប្រាក់ទៅឲ្យនាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ សម្រាប់មួយរដូវនេះ ក្នុងមួយមាត់ ១០០ដុល្លារ ហើយដៃមងរបស់ពួកគេមានទាំងអស់ប្រមាណ ១០ ដែលដាក់នៅក្នុងព្រែកនេះ។
លោក យ៉ុង រី នាយខណ្ឌរដ្ឋបាលខេត្តត្បូងឃ្មុំ មិនអាចសុំការបំភ្លឺអំពីបញ្ហានេះបានទេ ដោយលោកមានប្រសាសន៍ថា ពេលនេះលោកកំពុងរវលប្រជុំ។
ករណីកើតមានបទល្មើសនេសាទនៅតំបន់ព្រែកជីកដូនម៉ៅ ត្រូវបានគេមើលឃើញថា មានសភាពជាចំហដោយមិនខ្លាចរអាសមត្ថកិច្ចនោះឡើយ។ គេឆ្លាប់ឃើញមន្ត្រីជលផលនៅទីនោះដែរ ប៉ុន្ដែបទល្មើសនៅតែកើតមានដដែល៕