ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនលក់ចំណីសត្វមេឌីវ៉េតម្នាក់ ត្រូវបានម្ចាស់ក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួរនាំ ក្នុងករណីធ្វើឲ្យបាត់លុយក្រុមហ៊ុនចំនួន ១១,៦២៤ដុល្លារ។ ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុមហ៊ុនលក់ចំណីសត្វមេឌីវ៉េត ដែលមានទីតាំងផ្ទះលេខ៣២៣ ផ្លូវណតប្រ៊ីត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនលក់ចំណីសត្វមេឌីវ៉េត ដែលត្រូវម្ចាស់ក្រុមហ៊ុនខ្លួនឯងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចសួរនាំនោះមានឈ្មោះ ជា វ៉ាត ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកដើមបណ្តឹងមានឈ្មោះ គង់ សុភា ភេទប្រុស អាយុ ៣១ឆ្នាំ ជាតំណាងក្រុមហ៊ុនមេឌីវ៉េត ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវសេ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
យោងតាមការឲ្យពីឈ្មោះ គង់ សុភា ជាដើមបណ្តឹងប្រាប់ថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល១៤រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានតំណាងខាងដេប៉ូលក់ចំណីសត្វមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឈ្មោះ សួន ចន្ធី ភេទប្រុស អាយុ ២៨ឆ្នាំ បានទូរសព្ទ័មកក្រុមហ៊ុនឲ្យបុគ្គលិកទៅយកប្រាក់ដែលដេប៉ូផ្សេងៗទៀតគេផ្ញើទុកឲ្យ ភ្លាមនោះខាងក្រុមហ៊ុនក៏បានប្រើឲ្យឈ្មោះ ជា វ៉ាត (ជនសង្ស័យ) ទៅយកលុយនោះ។ ពេលទៅដល់ឈ្មោះ សួន ចន្ធី បានយកប្រាក់ដែលដេប៉ូផ្សេងៗផ្ញើមកនោះប្រគល់ឲ្យឈ្មោះ ជា វ៉ាត ចំនួន ២ដុំ ដោយក្នុង១ដុំៗមានចំនួន ១៩,៦២៤.៩០ដុល្លា រ និងលុយខ្មែរចំនួន ៨៥ម៉ឺនរៀលទៀត ដោយចងជាប់គ្នាទាំងអស់ នៅពេលដែលប្រគល់រួចហើយ ឈ្មោះ ជា វ៉ាត បានយកលុយនោះមកឲ្យក្រុមហ៊ុននៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា វិញ លុះមកដល់ស្រាប់តែបាត់លុយអស់ចំនួន ១១,៦២៤ដុល្លារ ដោយមានការសង្ស័យក៏ឃាត់ខ្លួនឈ្មោះ ជា វ៉ាត យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួរនាំ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជា វ៉ាត បានឆ្លើយប្រាប់ថា រូបគេពិតជាបានទៅយកលុយពីដេប៉ូលក់ចំណីសត្វមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀបពិតប្រាកមែន ប៉ុន្តែរូបគេមិនបានលួចយកលុយដែលបាត់នោះទេ ពីព្រោះពេលដែលទទួលបានលុយភ្លាម គឺរូបគេបានដាក់លុយនោះនៅក្នុងថង់ផ្លាស្ទីក ពណ៌ខ្មៅ ព្យួរ និងដៃម៉ូតូ រួចជិះមកវិលត្រឡប់មកក្រុមហ៊ុនវិញ ស្រាប់តែមកដល់ក្រុមហ៊ុន ឃើញថង់ខ្មៅនោះធ្លុះគូទ ដោយនៅសល់លុយតែ១ដុំ ទើបដឹងថា បាត់លុយ ភ្លាមនោះរូបគេក៏បានជិះម៉ូតូវិលត្រឡប់ទៅវិញ ដើម្បីរកមើលដែរ តែរកមិនឃើញសោះ ហើយក៏ត្រឡប់មកក្រុមហ៊ុនវិញ ស្រាប់តែខាងក្រុមហ៊ុនចាប់ឃាត់ខ្លួនរូបគេមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បើទោះបីជាជនសង្ស័យរូបនេះបានឆ្លើយបដិសេធក៏ដោយ ក៏សមត្ថកិច្ចមិនព្រមជឿដែរ ពីព្រោះប្រាក់ដែលបាត់នោះវាមិនតុល្យភាពនឹងគ្នា គឺប្រាក់ដែលគេប្រគល់ក្នុង១ដុំចងជាប់គ្នា មានចំនួន ១៩,៦២៤.៩០ដុល្លារ និងលុយខ្មែរចំនួន ៨៥ម៉ឺនរៀលទៀត តែទឹកប្រាក់ដែលបាត់នោះ គឺមានចំនួន ១១,៦២៤ដុល្លារ។
បច្ចុប្បន្នសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំចាត់វិធានការបន្តតាមផ្លូវច្បាប់ ៕