កំពង់ឆ្នាំង ៖ ក្មេងប្រុស-ស្រី ៤នាក់ បានលង់ទឹកស្លាប់ជាមួយគ្នាយ៉ាងអាណោចអាធ័មនៅចំណុចអូរមុខទឹក ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈក្មេងៗរងគ្រោះទាំង៤នាក់ និងក្មេងប្រុសម្នាក់ទៀត ដែលនៅរស់រានមានជីវិត បាននាំគ្នាទៅលេងទឹកទៅនោះ ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង៣ទៅម៉ោង៥ល្ងាច ថ្ងៃទី២៧ តុលា ២០១៥ ។
អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៥ល្ងាច មានអ្នកធ្វើដំណើរតាមផ្លូវបានប្រទះឃើញក្មេងប្រុសម្នាក់កំពុងតោងចុងឫស្សីលើទឹកកំពុងហូរ និងបានយំស្រែកឲ្យគេជួយ ពេលនោះប្រជាពលរដ្ឋដែលធ្វើដំណើរបានជួយយកក្មេងប្រុសរងគ្រោះខាងលើចេញពីចុងឫស្សី ហើយបានសួរនាំដឹងថា មានក្មេងៗ៤នាក់ទៀតកំពុងលង់ក្នុងទឹក បន្ទាប់មកប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានជួយចុះមុជទឹករាវរករយៈពេលជាច្រើនម៉ោង ក៏បានរកសពក្មេងទាំង៤នាក់នោះឃើញជាបន្តបន្ទាប់ ។
លោកបន្តថា ក្មេងៗរងគ្រោះខាងលើមាន ១-ឈ្មោះ ខុន ស្រីរ័ត្ន ភេទស្រី អាយុ១១ឆ្នាំ, ២-ឈ្មោះ ខុន ដារ៉ា ភេទប្រុស អាយុ៨ឆ្នាំ ទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច, ៣-ឈ្មោះ ហេង វិច្ឆិកា ភេទស្រី អាយុ៧ឆ្នាំ និង ៤-ឈ្មោះ អ៊ូច ស្រីលក្ខណ៍ ភេទស្រី អាយុ១២ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់ជីវិតមានឈ្មោះ អ៊ូច វិសាល អាយុ១០ឆ្នាំ គឺជាប្អូនរបស់ឈ្មោះ អ៊ូច ស្រីលក្ខណ៍ ដែលបានស្លាប់ដោយសារលង់ទឹកនេះ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹង ក្មេងៗទាំង៥នាក់បាននាំគ្នាទៅលេងទឹកនៅចំណុចខាងលើ ពេលនោះមានក្មេងម្នាក់រអិលជើងចូលទឹកជ្រៅបណ្តាលឲ្យលង់ ពេលនោះក្មេងៗផ្សេងទៀតបានទៅជួយទើបបណ្តាលឲ្យលង់ទាំងអស់គ្នាបែបនេះ ចំណែកក្មេងប្រុស ឈ្មោះ អ៊ូច វិសាល បានស្រវ៉ាតោងចុងឫស្សីបានទើបរួចខ្លួនបែបនេះ ។
សពក្មេងប្រុស-ស្រីទាំង៤នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅលំនៅដ្ឋានរៀងៗខ្លួន ក្រោមសម្រែកទ្រហ៊ោរយំទាំងក្តីសោកស្តាយអាលោះអាល័យក្រៃលែង ៕