តាកែវ ៖ បន្ទាប់ពីរការចចារ ទាមទាលក្ខខណ្ឌការងារមួយចំនួន ពីក្រុមហ៊ុន ត្រូវទទួលបរាជ័យនៅទីបំផុត ក្រុមកម្មករ កាត់ដេសំលៀកបំពាក់ ហុងសេនថេកស្តាយ ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ ២០១៥នេះ បាននាំគ្នាធ្វើបាតុកម្ម ដោយបានដង្ហែក្បួន ទៅកាន់សាលាខេត្តតាកែវ ដើម្បីស្នើសុំ ឲ្យលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ជួយអន្តរាគមន៍ ដល់ការទាមទាររបស់ខ្លួន។
លោក ឌុល នាង មន្ត្រីសហព័ន្ធសហជីពការងារ ដើម្បីកម្ពុជាតំណាង ឲ្យក្រុមបាតុករ បានថ្លែងឲ្យដឹងថា ក្រុមកម្មករបានធ្វើការតវ៉ា ប្រមាណ១សប្ដាហ៍មកហើយ ដើម្បីទាមទារ នូវលក្ខខណ្ឌ ការងារចំនួន៥ចំណុច ពីក្រុមហ៊ុន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការតវ៉ានេះ ខាងក្រុមហ៊ុនបានយល់ព្រមនូវការទាមទារ បីចំណុចរបស់កម្មករ ក៏ប៉ុន្តែចំណុចសំខាន់ពីរ ដែលកម្មករចង់បាន គឺការសុំតំឡើថ្លៃឈ្នួល រថយន្តពី៧ទៅ១០ដុល្លារ និងប្រាក់ថ្លៃបាយចំនួន២ពាន់រៀល ក្នុងមួយថ្ងៃត្រូវថៅកែទាត់ចោល ហេតុដូច្នោះ បានជាកម្មករ សម្រេចនាំគ្នាធ្វើកូដកម្មដោយបិទផ្លូវ មុខរោងចក្រកាលពីពេលថ្មីៗនេះ ហើយនៅថ្ងៃនេះ យើងបានហែរ ក្បួនមកកាន់សាលាខេត្តតាកែវ ដើម្បីឲ្យលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ជួយដោះស្រាយ។
បើតាមមន្ត្រីសហជីពខាងលើ ប្រសិនបើការទាមទារ របស់ខ្លួនមិនត្រូវបានដោះស្រាយនោះទេ ក្រុមកម្មករទាំងអស់ និងមិនចូលធ្វើការនោះទេ ហើយក្រុមកម្មករទាំង១៨០០នាក់ និងបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយ។
នៅក្នុងការហែរ ក្បួនមកកាន់សាលាខេត្តតាកែវ នេះគេសង្កេតឃើញមានការប៉ះទង្គិចគ្នា មួយប្រាវ រវាងក្រុមកម្មករ និងសមត្ថកិច្ច ដោយក្រុមកម្មករ បានរុញ ច្រានរនាំងបាំងផ្លូវរបស់សមត្ថកិច្ច ក៏ប៉ុន្តែស្ថានការណ៍ បានប្រែប្រួលទៅជាមានភាពប្រក្រតីវិញ បន្ទាប់ពីមន្ត្រីសហជីព បានធ្វើការអំពាវនាវ ឲ្យ បងប្អូនកម្មករ ត្រូវប្រកាន់ភ្ជាប់នូវ ការតវ៉ាអហិង្សា។ ហើយនៅក្នុងឱកាសនោះផងដែរ គេសង្កេតឃើញ លោកអភិបាលរង ខេត្តតាកែវ គាវ សុវណ្ណធី និងលោកប្រធានមន្ទីរការងារ ខេត្តតាកែវ បានចេញមកជួបបងប្អូនកម្មករផងដែរ៕