កណ្តាលៈ បុរសម្នាក់ត្រូវបានក្រុមគ្រួសារតាមរកប្រទះឃើញដេកស្លាប់ផ្កាប់មុខអណ្តែតលើផ្ទៃទឹក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចបឹងកក់ ស្ថិតក្នុងភូមិផ្លូត្រី ឃុំថ្មគ ស្រុលល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ សាន់ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងនេសាទ មានប្រពន្ធឈ្មោះ ទឹម អឿន អាយុ៥៣ឆ្នាំ មុខរបរ ជាកសិករ មានកូន៥នាក់ស្រី៣នាក់ ប្រុស២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះជាមនុស្សមានជម្ងឺក្រពះ លើសឈាម ឧស្សាហ៍ហេវហត់អស់កម្លាំង ។ នៅមុនពេលកើតហេតុវេលាម៉ោង១១ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះបានជិះទូកចេញពីផ្ទះសំដៅទៅបឹងកក់ម្នាក់ឯង ដើម្បីរាយមងចាប់យកត្រីផ្គត់ផ្គង់គ្រួសារ ។ លុះដល់វេលាម៉ោងប្រមាណ៩យប់ថ្ងៃដដែលជនរងគ្រោះបានតេទូរស័ព្ទប្រាប់ប្រពន្ធឲ្យអុជធូបផងព្រោះអត់សូវស្រួលខ្លួនទេ រហូតដល់វេលាម៉ោងប្រមាណ៧ និង៣០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ត្រីជាប្រពន្ធបានតេទូរស័ព្ទសួរជនរងគ្រោះបានប្រាប់ថាធូវិញហើយ ។
ក្រោយមកស្ត្រីជាប្រពន្ធមិនឃើញប្តីត្រឡប់ទៅលំនៅដ្ឋានវិញក៏នាំកូនប្រុសជិះទូកតាមរកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនរងគ្រោះស្លាប់ផ្កាប់មុខអណ្តែតលើផ្ទៃទឹកបឹង ដែលមានកម្ពស់ទឹកប្រមាណ៣,៥ម៉ែត្រ ។ បន្ទាប់មកស្ត្រីជាប្រពន្ធនិងកូនៗបាននាំគ្នាស្រង់សាកសពជនរងគ្រោះឡើងគោករាយការណ៍ប្រាប់សមត្ថកិច្ចនករបាលមូលដ្ឋាន ។
ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រស្រុកល្វាឯម ព្រមទាំងក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំថ្មគបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គធ្លាក់ពីលើទូកលង់ទឹកស្លាប់ប្រាកដមែន ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕