ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស យុវជនជាប់ចោទវ័យ ២២ឆ្នាំម្នាក់ ដាក់គុកកំណត់ ១៣ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ថ្លៃជម្ងឺចិត្ត ២០០លានរៀល ទៅក្រុមគ្រួសារជនរងគ្រោះ ពីបទ «ឃាតកម្មដោយចេតនា» ការចាក់សម្លាប់ និងអារក សម្លាប់ស្ត្រីម្ចាស់ហាង Internet ម្នាក់ ប្រព្រឹត្តនៅក្នុងចំណុចហាង Internet យី១៦៨ ដែលមានទីតាំងស្ថិត នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរាត្រី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។
លោក ឆែ វីរៈ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖ ជនជាប់ខាងលើនេះ មានឈ្មោះ ដាង សុភក្ត្រ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាវិចិត្រករ។ ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទឃាតកម្មដោយចេតនា តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ២០១៤។ ចំណែកឯជនរងគ្រោះ មានឈ្មោះ លីម ឈុនគីម ភេទស្រី អាយុ២៤ឆ្នាំ ជាម្ចាស់ហាង Internet យីហោ១៦៨ រស់នៅទីតាំងចំណុចកើតហេតុខាងលើ៕