កំពង់ធំ ៖ អ្នកកាសែត រួមជាមួយបុគ្គលិកនៃអង្គការការពារធនធានធម្មជាតិ ចំនួន១១នាក់ ត្រូវសមត្ថកិច្ចស្រុកប្រាសាទបាល្ល័ង្គចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ ពាក់ព័ន្ធទៅនឹងករណីជម្រិតទារប្រាក់ពីប្រជាពលរដ្ឋដឹកឈើ។
លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា មនុស្សទាំង១១នាក់ដែលត្រូវឃាត់ខ្លួននោះ ៦នាក់ត្រូវឃាត់ខ្លួនជាក់ស្តែងនៅភូមិព្រហ៊ូត និង៥នាក់ ទៀតឃាត់ខ្លួននៅតាមបណ្តោយផ្លូវលេខ៦២ ក្នុងភូមិសាស្ត្រឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ។ ពួកគេទាំង១១នាក់ គឺជាបុគ្គលិកនៃសារព័ត៌មានជ័យជំនះថ្ងៃ៧មករា និងបុគ្គលិក នៃអង្គការការពារធនធានធម្មជាតិ។
បើតាមលោក គង់ វិមាន បញ្ហានេះ គឺអាជ្ញាធរធ្លាប់ទទួលបណ្តឹងពីប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈកន្លងមក ហើយលោកក៏បានបញ្ជាឲ្យកម្លាំងតាមដានអស់រយៈពេល២ ទៅ៣ខែមកហើយ ទើបតែចាប់បានជាក់ស្តែងកាលពីរសៀលថ្ងៃម្សិលមិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការចាប់ខ្លួន ពួកគេទាំង១១នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបន្តការសួរនាំ និងចាត់ការទៅតាមនីតិវិធី៕