ភ្នំពេញ៖ នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូប នៅមុខរដ្ឋសភាជាតិ ត្រូវបានបញ្ជូនទៅតុលាការហើយ នាវេលាម៉ោង០៨៖៣០នេះ ដែលត្រូវបានសាកសួរដោយព្រះរាជអាជ្ញារង សាលារាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ។
ជនដៃដល់ដែលបង្ករបួសស្នាមដល់អ្នកតំណាងរាស្ត្រ CNRP បានចេញមកសារភាពនៅចំពោះមុខ គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ របស់ក្រសួង នៅវេលាម៉ោង ១៦៖៣០នាទីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ជនសារភាពទាំង៣នាក់នោះមានឈ្មោះដូចជា៖
១៖ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
២៖ ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង
៣៖ ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជំរាបថា លោក គង់ សុភា និង លោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានជនដៃដល់វាយតប់ ឲ្យរងរបួសធ្ងន់ និងសន្លប់ នៅក្រៅវិមានរដ្ឋសភា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅពេលអ្នកទាំងពីរ ជិះរថយន្តបម្រុងនឹងចេញពីរដ្ឋសភា, ហើយបច្ចុប្បន្ននេះ តំណាងរាស្ត្រទាំងពីរនាក់នេះ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ៕