ភ្នំពេញ៖ មនុស្ស ៤នាក់បានស្លាប់ ១៥នាក់រងរបួសធ្ងន់ និង៧នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន១១លើក នៅថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច៤គ្រឿង, រថយន្តធុនធំ២គ្រឿង, ម៉ូតូរ៉ឺម៉ក១គ្រឿង និង ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន មិនគោរពសិទ្ធិ៥លើក, ល្មើសល្បឿន៣លើក, ប្រជែងគ្រោះថ្នាក់២លើក, ស្រវឹង១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន២០នាក់ (យប់៧នាក់) ។
ជាមួយគ្នានេះដែរ រថយន្តពិន័យសរុបចំនួន១,៤៤៩គ្រឿង (រថយន្តធំ ៦៣៣គ្រឿង) ស្មើនិង១,៤៤៩ករណី, ល្មើសក្រដាសស្នាមមាន ៨៧៤គ្រឿង ស្មើនឹង ៨៧៤ករណី, ចំពោះករណីល្មើសបច្ចេកទេស ៥៧៥គ្រឿង ស្មើនឹង ៥៧៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៥៦៤គ្រឿង ៕