មណ្ឌលគិរី៖ ចោរស្រីប្រុសមួយក្រុម មានគ្នាបីនាក់ ដែលធ្វើសកម្មភាព កាត់ច្រវ៉ាក់ និងកាច់សោរ-ក ម៉ូតូ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចរួមដៃគ្នា ចាប់ខ្លួនបក្សពួករបស់គេ បានជាបន្តបន្ទាប់ ដោយក្រោយពី កំលាំងអាវុធហត្ថ ចាប់បាន ចោរស្រីម្នាក់ កាលពីថ្ងៃទី ០១ វិច្ឆិកា ២០១៥ មកទល់និងថ្ងៃទី ០៣ វិច្ឆិកា ២០១៥ នេះ កំលាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ត សម្រេចក្របួចបាន ជនសង្ស័យម្នាក់ទៀតហើយ ខណៈបក្សពួកក្រុមចោរទាំងនេះម្នាក់ផ្សេងទៀត កំពុងសម្ងំ លាក់ខ្លួន ពីការតាមប្រមាញ់របស់សមត្ថកិច្ច នៅឡើយ។
លោក ហេង ម៉ារ៉ា នាយរងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យ ខាងលើនេះ ឈ្មោះ ជិន នី ភេទប្រុស អាយុ២៧ឆ្នាំ ហៅក្រៅថា(ហឺ ) ជនជាតិខ្មែរ បច្ចុប្បន្នមាទីលំនៅ ភូមិព្រៃផ្លង ឃុំស្មោង ខាងត្បូង ស្រុកកំចាញមា ខេត្តព្រៃវែង ។ ហើយបច្ចុប្បន្នជនសង្ស័យរូបនេះ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូ នទៅតុលាការ នៅរសៀលថ្ងៃទី០៣ តុលា ២០១៥នេះ ។ ចំណែកជនសង្ស័យ ដែលគេចខ្លួនម្នាក់ទៀត ដែលគេស្គាល់ថា ឈ្មោះ សុង សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ កំពុងធ្វើការស្រាវជ្រាវបន្ត ។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀត ដែលត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនបាន គឺឈ្មោះ យៀង សេងថៃ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌណ្ឌលគិរី ។ ដោយជនសង្ស័យរូបនេះ គឺត្រូវបានឃាត់ខ្លួន រួមនិងវត្ថុតាងម៉ូតូ០២គ្រឿង កាលពីថ្ងៃទី០១ វិច្ឆិកា ២០១៥ ក្នុងភូមិពូទ្រូ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។ ជនសង្ស័យស្រីខាងលើនេះដែរ បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងកសាងសំណុំ រឿង បញ្ជូនទៅតុលានៅរសៀលថ្ងៃទី០៣ តុលា ២០១៥នេះដែរ ។ ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ដើម្បីប្រគល់ឲ្យម្ចាស់ដើមវិញ ។
សូមរំលឹកដែរថា កាលពីយប់ថ្ងៃទី៣០ តុលា ២០១៥ ក្នុងក្រុងសែនមនោរម្យ គឺមានករណីលួចកាច់សោ.កម៉ូតូ ចំនួន២ ករណី ដែលកើតឡើងនៅក្នុងទីតាំងខុសគ្នា ករណីទី១កើតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រុមចោរ បានធ្វើសកម្មភាពកាត់ច្រវ៉ាក់យក ម៉ូតូសង់សេរី២០១៥ ដែលមានម្ចាស់ឈ្មោះ ឌឹម ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ និងករណី ទី២ កើតឡើងនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សឿ គីមសាន ភេ ទស្រី អាយុ៣៩ឆ្នាំ ៕