ព្រះវិហារៈ យ៉ាងហោចណាស់មានអ្នកភូមិចំនួន ១០ នាក់កាលពីម្សិលមិញ ត្រូវបាននគរបាលស្រុក ជាំក្សាន្ត កោះហៅមកសាកសួរពាក់ព័ន្ធនឹងការបាញ់សម្លាប់មន្ត្រីនគរបាលនិងរដ្ឋបាលព្រៃឈើ ២ នាក់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅនេះនៅខេត្តព្រះវិហារ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី ស៊ី គីរី ស្នងការនគរបាលខេត្តបានថ្លែងពីម្សិលមិញថា ការកោះហៅអ្នកភូមិខាងលើមកសាកសួរនោះ គឺមិនបានកំណត់ថា ពួកគាត់គឺជាជនសង្ស័យឬមានទោសនោះទេ តែគ្រាន់តែសាកសួរពួកគាត់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់មន្ត្រីនគរបាល និងរដ្ឋបាលព្រៃឈើចំនួន ២ នាក់តែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ទាក់ទងនឹងករណីខាងលើនេះរហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់បានមុខសញ្ញានៃជនដៃដល់ឬចាប់ខ្លួនពួកគេបាននៅឡើយនោះទេ ប៉ុន្តែខាងជំនាញកំពុងចាត់វិធានការដើម្បីចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
លោក សេង សាវុធ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុក ជាំក្សាន្ត បានឲ្យដឹងថា កាលពីម្សិលមិញ អ្នកភូមិ ៧ នាក់ ជាអ្នករកស៊ីអារឈើមានទីតាំងនៅជិតកន្លែងកើតហេតុនោះ ត្រូវបានកោះហៅមកសាកសួរ ជុំវិញករណីបាញ់សម្លាប់នេះ។ ប៉ុន្តែ លោកថា បន្ទាប់ពីការសាកសួរឃើញថា ពួកគេពុំមានការពាក់ព័ន្ធ ហើយសមត្ថកិច្ចក៏បានឲ្យទៅផ្ទះវិញ។
លោកបានបន្ថែមថា ឥឡូវនេះ សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្តក៏កំពុងតែកោះហៅអ្នកភូមិចំនួន ៣ នាក់ទៀតដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះមកសួរដែរ។ ប៉ុន្តែចំពោះលទ្ធផលយ៉ាងណានោះ រហូតមកទល់ពេលនេះ មិនទាន់ដឹងនៅឡើយទេ។
គួររំឭកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោងប្រមាណជាង ១ យប់ មានមន្ត្រីនគរបាល និងរដ្ឋបាលព្រៃឈើ ២ នាក់ត្រូវបានក្រុមជនដៃដល់ដែលសង្ស័យថា ជាក្រុមអ្នករកស៊ីអារឈើ បានបាញ់ប្រហារ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងនិងនគរបាលម្នាក់រងរបួស ខណៈដែលពួកគេកំពុងចុះល្បាតនៅទីតាំងអារឈើមួយកន្លែងនៅក្នុងចំណុចតំបន់អណ្ដែតស្នប់ ក្នុងភូមិសែនរុងរឿង ៣ ឃុំមរតក ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ជនរងគ្រោះទាំង ២ នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ សៀង ណារ៉ុង ភេទប្រុសជាមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និង ជាប្រធានក្រុមល្បាតរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និង ទី២-ឈ្មោះ សាប់ យស់ ភេទប្រុស ជាមន្ត្រីនគរបាលស្រុកឆែប។ ចំណែកឯ ជនរងរបួសម្នាក់ទៀត ឈ្មោះ ថេត សុភាន់ ភេទប្រុស ដែលជាមន្ត្រីនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ ១០៥។
ក្នុងការចុះប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចចម្រុះ ក៏រឹបអូសបាន ម៉ាស៊ីនអារឈើចំនួន ១១ គ្រឿងនិងកាំភ្លើងការ៉ាប៊ីនកែច្នៃចំនួន ២ ដើម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនពីកន្លែងកើតហេតុនោះផងដែរ៕