ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ រថយន្ត Audi និង Lexus RX350 អត់ពន្ធ ២គ្រឿង ត្រូវបានកម្លាំង គយចល័តតាមចាប់ ដល់ក្នុងផ្ទះ មួយកន្លែង (នៅម្តុំទួលទំពូង) តាមបណ្តោយផ្លូវលេខ៤៤០ សង្កាត់ផ្សារទួលទំពូង១ ខណ្ឌចំការមន ដោយគយ ចល័ត ដឹកនាំដោយលោក ព្រាប គារ៉ាត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានី ភ្នំពេញ នឹងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ។
លោក ព្រាប គារ៉ាត ដែលដឹកនាំកម្លាំងគយចល័ត ចុះចាប់រថយន្តខាងលើនេះ បានឲ្យដឹងថា រថយន្តស៊េរីទំនើប២គ្រឿង ដែលចាប់បាននៅពេលនេះមានម៉ាក AUDI ស្លាក លេខ (នគរបាល)៖ 2-7181 ពណ៌ស និងមួយគ្រឿងម៉ាក Lexus RX350 ពណ៌ខ្មៅ ស្លាកលេខ (នគរបាល)៖ 2-8171។ ក្រោយពីចាប់បានរថយន្តទាំង ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុករបស់គយ នៅម្តុំផ្លូវ វេងស្រេង។
លោក ព្រាប គារ៉ាត បានអះអាងបន្តថា បច្ចុប្បន្ននេះកម្លាំងគយចល័ត បានដឹងនៅមានរថយន្តជាច្រើនគ្រឿង ទៀត បាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះ ឬភូមិគ្រឹះ, ហើយកម្លាំងគយចល័ត នឹងបន្តចុះចាប់ទៅដល់គេហដ្ឋាន តែម្តង ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ម្ចាស់យានយន្តមិនព្រមយករថយន្ត មកបង់ពន្ធតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់ មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីជៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស។
សូមជំរាបថា នាពេលកន្លងទៅថ្មីៗ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ចំពោះម្ចាស់យានយន្តណា ដែលមិនទៅបំពេញកាតព្វកិច្ចពន្ធអាករ ទាន់ពេលវេលា៕