កណ្តាល ៖ តំណាងអយ្យការសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនឃាតករស្រីវ័យ១៦ឆ្នាំ ដែលបានសម្លាប់កុមារីអាយុ៨ឆ្នាំម្នាក់ នៅឯស្រុកអង្គស្នួល ប្លន់យកគ្រឿងអលង្កា ដាក់ពន្ធនាគារខេត្តពីបទ “ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ” តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌថ្មី។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ឃាតករដែលត្រូវបានតុលាការសម្រេចឃុំខ្លួនខាងលើនេះមានឈ្មោះ អឿន សុភាព ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិទន្លាប់ខ្ពស់ជើង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា ឃាតកររូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ចាប់ខ្លួនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះឈ្មោះ គៀត សៀវលី អាយុ៨ឆ្នាំ ច្របាច់កសម្លាប់ចោលនៅក្នុងវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។
សូមបញ្ជាក់ថា នារីដៃដល់បានធ្វើសកម្មភាពសម្លាប់កុមារីរងគ្រោះ ដែលជាជាសិស្សរៀនថ្នាក់មេតេយ្យ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយ ក្នុងភូមិទន្លាបខ្ពស់ជើង ឃុំដំណាក់អំពិល ស្រុកអង្គស្នូល ដើម្បីប្លន់យកក្រវឹលមាស១គូរ ទម្ងន់៣ហ៊ុន និងចិញ្ចៀនប្លាកទីន១វង់ តម្លៃ៣០ដុល្លារ។ ក្រោយពីធ្វើសកម្មភាពមិនបានប៉ុន្មានម៉ោងផងនោះ ក៏ត្រូវបានសមត្ថកិច្ចនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនតែម្តង ៕