ភ្នំពេញ៖ ស្ត្រីនគរបាលពាក់ស័ក្តិ៤ ក្រសួងមហាផ្ទៃម្នាក់ បានចូលទៅសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូនពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីនគរបាលស័ក្តិ៤លើស្មារូបនោះ បានទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ ១គ្រឿង ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់កាលពីប៉ុន្មានថ្ងៃមុន។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យដឺងនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា ស្ត្រីនគរបាលពាក់ស័ក្តិ៤ រូបនោះ មានឈ្មោះ ពុធ វុទ្ធី អត្តលេខ១៨៩៤៨ បម្រើការងារនៅអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ហើយម្ចាស់ម៉ូតូ ដែលអត់មានស្លាកលេខនោះ គឺឈ្មោះ ទី ធ្លាប់ជាប់ពន្ធនាគារពីបទឆក់ចំនួន ២ដងដែរ។
លោកអភិបាលខណ្ឌដូនពេញបន្តថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការចាប់ម៉ូតូអត់ស្លាកលេខ ១គ្រឿង ម្ចាស់ឈ្មោះ ទី នៅចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានស្ត្រីម្នាក់ជាប៉ូលីសស័ក្តិ៤ នៅពន្ធនាគារព្រៃស ចេញមុខមកសុំអន្តរាគមន៍ឲ្យលោកអភិបាលខណ្ឌ ជួយសម្រួលយកម៉ូតូចេញ តែលោកអភិបាលខណ្ឌដូនពេញមិនឯកភាព ព្រោះម៉ូតូនេះលោកសង្ស័យថា ជាម៉ូតូមុខសញ្ញាឆក់កាបូប និងទូរស័ព្ទយ៉ាងសកម្មក្នុងខណ្ឌដូនពេញ ។
ហេតុដូច្នេះហើយ លោកសុំទុក ៣ខែ ដើម្បីធ្វើការស្រាវជ្រាវសិន ជាហេតុធ្វើឲ្យស្ត្រីម្នាក់នោះខឹងលោកអភិបាលខណ្ឌយ៉ាងខ្លាំង ហើយពេលនោះស្រីរូបនោះបានស្រែកឡូឡាពេញក្នុងបន្ទប់លោក គួច ចំរើន អភិបាលខណ្ឌ ក៏ត្រូវមន្ត្រីក្នុងសាលាខណ្ឌដូនពេញ ដេញឲ្យចេញក្រៅ ស្រាប់តែស្ត្រីប៉ូលីស រូបនោះបានរកទាញកាបូបពីបុរសម្នាក់ និងបានស្រែកគំរាមបាញ់សម្លាប់ ទាំងមន្ត្រីសាលាខណ្ឌ និងលោកអភិបាលខណ្ឌផ្ទាល់តែម្តង ហើយក៏បានដើរចេញបាត់ទៅ៕
ប្រភព៖ FPM