ត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៥ នៅវេលាម៉ោង ៩ និង៥០នាទី មានករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ស្ថិតនៅភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះដែលត្រូវភ្លើងចេះផ្ទះ ទី១ ឈ្មោះ នឹម ខុម អាយុ ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ច្រៅ ថូយ អាយុ ៥៥ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ក្បឿង ទំហំ ៧ គុណ ១០ម៉ែត្រ (៣,៥ដំបូល) លុយចំនួន ៧០០០ដុល្លារ លុយខ្មែរ ១០,០០០,០០០រៀល និងខ្សែកមាស២ខ្សែ ទម្ងន់២ដំឡឹង។
ជនរងគ្រោះទី២ ឈ្មោះ ជុន សម្បត្តិ អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ថាយ គិមយ៉េន អាយុ ៤៤ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ក្បឿង ទំហំ ៧ គុណ ១៦ ម៉ែត្រ (៤ដំបូល) អស់ថឡេថង១គ្រឿង លុយ ១០,០០០ដុល្លារ លុយខ្មែរ ៦,០០០,០០០រៀល និងមាស១២ជី រកឃើញ១០ជីវិញ។
ជនរងគ្រោះទី៣ ឈ្មោះ ឈឿន ចាន់សេង អាយុ ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ឡេង សុខសេង អាយុ ៥៧ឆ្នាំ ធ្វើពីឈើប្រក់ក្បឿង ទំហំ ៧ គុណ ១៨ម៉ែត្រ (៤ដំបូល) អស់ម៉ូតូវែវ១គ្រឿង លុយ ៤,០០០,០០០រៀល និងរទេះគោមួយ។
មូលហេតុនៃការឆេះនេះមិនទាន់បានដឹងច្បាស់លាស់នៅឡើយទេ ដោយភ្លើងឆេះចេញពីផ្ទះឈ្មោះ ឈឿន ចាន់សេង ព្រោះគាត់ដើរមិនរួច និងពិការភ្នែកដេកតែម្នាក់ឯង គាត់បានបញ្ជក់ថា ពេលក្ដៅទើបគាត់ភ្ញាក់ដឹងខ្លួនក៏ឃើញអណ្ដាតភ្លើងឆេះដល់សសរទី២ ជួរទី២ ចាប់ពីកើតទៅហើយ។ ដោយឡែកផ្ទះ២ខ្នងដែលនៅក្បែរត្រូវបានចូរលើជញ្ជំង ផ្នែកខាងមុខ និងចំហៀងខាងកើត។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារ ដឹកនាំផ្ទាល់ដោយលោកអធិការ និងអធិការរង៣រូប ព្រមទាំងកម្លាំងក្រោមឪវាទសរុបចំនួន ៤៩នាក់ ទៅជួយអន្តរាគមន៍ រហូតដល់ភ្លើងរលត់ជាស្ថាពរនៅម៉ោង ៣ទាបភ្លឺថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០១៥ ហើយកំពុងធ្វើការស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់លាស់ផងដែរ។
សូមបញ្ជក់ថា៖ ផ្ទះបីខ្នងខាងលើឆេះអស់ទាំងស្រុងរួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត៕